(ឡុងដ៏)៖ ក្រុមពាណិជ្ជករកំពុងគិតគូរជាមួយគ្នាលើបញ្ហាប្រេង ដោយភ្នាល់ថាតម្លៃប្រេងឆៅប្រភេទ Brent អាចកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដែលយ៉ាងហោចណាស់គឺ ១៥០ដុល្លារក្នុងមួយបារ៉ែល នាចុងខែមេសា ខណៈសង្គ្រាមនៅឯតំបន់មជ្ឈិមបូព៌ា បន្តធ្វើឱ្យការផ្គត់ផ្គង់តាមច្រកសមុទ្រ Hormuz ជាប់គាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២៦។

ប្រេងឆៅ Brent ដែលបច្ចុប្បន្នជួញដូរក្នុងតម្លៃប្រហែល ១០៧ដុល្លារក្នុងមួយបារ៉ែល សម្រាប់ខែឧសភា បានឡើងថ្លៃជិត ៥០ភាគរយ គិតចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ជាពេលដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៉ីស្រាអែលប្រឆាំងអ៉ីរ៉ង់ផ្ទុះឡើង។ តម្លៃនេះនៅតែមិនស្ថិតស្ថេរ ទោះជាមានសញ្ញាបណ្តោះអាសន្នថា ទីក្រុងវ៉ាស៉ីនតោន និងទីក្រុងតេហេរ៉ង់ កំពុងស្វែងរកមធ្យោបាយដើម្បីបញ្ចប់ជម្លោះក៏ដោយ។
ការជួញដូរនៅក្នុងទីផ្សារនិស្សន្ទវត្ថុ បង្ហាញថាការភ្នាល់បានកើនឡើង ១០ដង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ ដែលថាប្រេងនឹងឡើងថ្លៃដល់ ១៥០ដុល្លារក្នុងមួយបារ៉ែល នៅចុងខែមេសា ខណៈដែលពាណិជ្ជករត្រៀមខ្លួន សម្រាប់ភាពប្រែប្រួលរយៈពេលខ្លី។
លោក Tim Skirrow ប្រធានផ្នែកនិស្សន្ទវត្ថុ និងថាមពលនៅក្រុមហ៊ុន Energy Aspects បាននិយាយថា «ការភ្នាល់ទាំងនេះជាសញ្ញាបង្ហាញថា វិនិយោគិនមើលឃើញពីផលវិបាកនៃជម្លោះបច្ចុប្បន្ន ហើយកំពុងព្យាយាមគ្រប់គ្រងផលប៉ះពាល់។ លោកបន្ថែមថា ប្រេងដែលមានតម្លៃ ១៥០ដុល្លារក្នុងមួយបារ៉ែល ប្រាដកជានឹងប៉ះពាល់ដល់តម្រូវការថែមទៀត ហើយដរាបណាប្រេងមិនអាចនាំចេញពីតំបន់ឈូងសមុទ្របាន នោះវានឹងនាំហានិភ័យនៃការខ្វះខាតទាំងស្រុងតែម្តង។
គួរបញ្ជាក់ថា កំណត់ត្រានៃតម្លៃប្រេងឆៅ Brent គឺខ្ពស់បំផុតត្រឹមតែតម្លៃ ១៤៧ដុល្លារប៉ុណ្ណោះក្នុងមួយបារ៉ែល កាលពីឆ្នាំ ២០០៨ ដោយនៅពេលនោះតម្រូវការខ្លាំង បានធ្វើឱ្យសមត្ថភាពផ្គត់ផ្គង់មានកម្រិត៕
































