សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ប្រារព្ធពិធីកាន់បិណ្ឌវេនទី១១ នៅតាមវត្តអារាមជាច្រើន និងបានបន្តសកម្មភាពមនុស្សធម៌ចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាច្រើនរូប បានរួមសាមគ្គីគ្នាយ៉ាងកុះករ ចុះប្រារព្ធពិធីកាន់បិណ្ឌវេនទី១១ នៅតាមវត្តអារាមជាច្រើនកន្លែង ក្នុងមូលដ្ឋានខេត្តព្រះសីហនុ ព្រមទាំងបានរៀបចំពិធីចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងមានជីវភាពខ្វះខាតជាច្រើនគ្រួសារ ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងពេញដោយសទ្ធាជ្រះថ្លា។

នៅក្នុងឱកាសដ៏មហានព្វសិទ្ធិ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាប្រពៃណីជាតិ និងសាសនាដ៏ថ្លៃថ្លារបស់ខ្មែរយើង ក្រុមការងារសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បាននាំយកនូវបច្ច័យ ទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ទៅវេរប្រកេនជូនព្រះសង្ឃដែលគង់ចាំវស្សា តាមវត្តអារាមនានា ដើម្បីទ្រទ្រង់ដល់ព្រះពុទ្ធសាសនា ឱ្យបានគង់វង្ស និងចម្រើនរុងរឿង។ ការធ្វើបុណ្យទាននាពេលនេះ មិនត្រឹមតែជាការបំពេញកុសលផលបុណ្យ តាមបែបព្រះពុទ្ធសាសនានិងការឧទ្ទិសកុសលជូនដល់បុព្វការីជន និងបុព្វបុរសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃការតភ្ជាប់យ៉ាងជិតស្និទ្ធរវាង «ពុទ្ធចក្រ និងអាណាចក្រ» ផងដែរ។

រវាង ពុទ្ធចក្រ និងអាណាចក្រ តែងតែដើរទន្ទឹមគ្នាជាចំណងសាមគ្គីភាពយ៉ាងរឹងមាំ  ក្រោមស្រមោលនៃសុខសន្តិភាព និងការដឹកនាំប្រកបដោយកាលានុវត្តភាព បានបង្កលក្ខណៈងាយស្រួលយ៉ាងពេញលេញដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ក្នុងការប្រតិបត្តិធម៌អាថ៌ ប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ប្រពៃណី និងធ្វើបុណ្យទានដោយសេចក្តីក្សេមក្សាន្ត។

ក្នុងវិស័យពុទ្ធចក្រ ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំចិត្តគំនិត និងស្មារតីរបស់សង្គមជាតិ ឱ្យស្គាល់បុណ្យ-បាប គុណ-ទោស មានស្មារតីចេះជួយយកអាសា និងចែករំលែកក្តីស្រឡាញ់ចំពោះគ្នានៅក្នុងសង្គម។
ស្របតាមស្មារតីនៃការចែករំលែកក្នុងផ្លូវធម៌ និងការទទួលខុសត្រូវក្នុងផ្លូវលោក បន្ទាប់ពីការបំពេញកុសលក្នុងវិស័យពុទ្ធចក្ររួចមក ក្រុមការងារសាខាសមាគមនារី បានបន្តសកម្មភាពមនុស្សធម៌ក្នុងវិស័យអាណាចក្រ ដោយបាននាំយកនូវអំណោយគ្រឿងឧបភោគបរិភោគ និងថវិកា ទៅចែកជូនដោយផ្ទាល់ដៃដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាខ្វះខាតជាច្រើនគ្រួសារនៅក្នុងមូលដ្ឋាន។ សកម្មភាពនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់អំពីទឹកចិត្តសប្បុរសធម៌ វប្បធម៌នៃការចែករំលែក និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដើរស្របតាមពាក្យស្លោក «ទីណាមានការលំបាក ទីនោះមានសមាគមនារី»។
ពិធីនេះបានបញ្ចប់ទៅដោយបរិយាកាសរីករាយ និងជ្រះថ្លាបំផុត ដោយប្រជាពលរដ្ឋទទួលអំណោយទាំងអស់ បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ដែលបាននាំយកនូវក្តីសង្ឃឹម និងស្នាមញញឹមមកជូនពួកគាត់នៅក្នុងឱកាសបុណ្យកាន់បិណ្ឌនេះ៕ ដោយ នីណា ញូស៍