បេឡារុស សម្រេចហាមឃាត់ការនាំចូលទំនិញមួយចំនួន មកពីប្រទេសឡេតូនី

(មីនស្កិ៍)៖ បេឡារុស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយរបស់រុស្ស៉ី បានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ខ្លួនកំពុងហាមឃាត់ការនាំចូលទំនិញមួយចំនួន ពីឡេតូនីដែលជាប្រទេសជិតខាង ដោយសារតែទំនាក់ទំនង «អមិត្ត» នៃរដ្ឋបាល់ទិកមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦។

ទីភ្នាក់ងារព័ត៌មានរដ្ឋ Belta បានរាយការណ៍ថា រដ្ឋាភិបាលបេឡារុសបានដាក់បម្រាមលើផលិតផលច្រើនប្រភេទ រួមទាំងត្រីកំប៉ុង និងទំនិញឧស្សាហកម្មផ្សេងៗទៀត។ ទីភ្នាក់ងារព័ត៌មាន Belta បានដកស្រង់សេចក្តីសម្រេចរបស់រដ្ឋាភិបាលមកបញ្ជាក់ថា «ការសម្រេចចិត្តនេះធ្វើឡើងដោយសារភាគីឡេតូនី នៅតែបន្តរក្សាឥរិយាបថមិនស្ថាបនា និងប្រើប្រាស់វោហាសាស្ត្រមិនល្អចំពោះបេឡារុស»។

ឡេតូនី បានបិទព្រំដែនរបស់ខ្លួនជាមួយបេឡារុស នៅក្នុងខែកក្កដា។ ដូចគ្នាទៅនឹងប្រទេសជិតខាងផ្សេងទៀតរបស់បេឡារុសដែរ ឡេតូនីបានជួបបញ្ហាជាមួយទីក្រុងមីនស្ក៍ ពាក់ព័ន្ធការប៉ុនប៉ងធ្វើចំណាកស្រុកទ្រង់ទ្រាយធំ ដោយឆ្លងកាត់ព្រំដែនបេឡារុស ដើម្បីចូលទៅក្នុងសហភាពអឺរ៉ុប។ បេឡារុសបដិសេធថាខ្លួនមិនបានគប់គិត ឬលើកទឹកចិត្តជនចំណាកស្រុកមកពីប្រទេសផ្សេងៗ ឱ្យព្យាយាមឆ្លងកាត់ព្រំដែនរបស់ខ្លួន ចូលទៅក្នុងសហភាពអឺរ៉ុបឡើយ៕