
ខេត្តកំពង់ធំ៖ នៅល្ងាចថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានដឹកនាំសហការី ទៅគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្កិ ជាកិច្ចបច្ឆាមរណៈ ជូនសពលោកវរសេនីយ៍ទោ សូ សារឿន នាយរងផ្នែកហិរញ្ញវត្ថុ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានទទួលមរណៈភាពដោយរោគាពាធ ក្នុងជន្មាយុ ៥៨ឆ្នាំ នៅវេលាម៉ោង ៧:៣៥នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៦ នេះ ស្ថិតនៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ទោ ស៊ុន សាម៉ុន នាយការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចកីសម្រេច ស្ដីពីការបំពាក់ឋានន្តរសកិជាកិច្ចបច្ឆាមរណៈ របស់ក្រសួងការពារជាតិ ជូនលោកវរសេនីយ៍ទោ សូ សារឿន រួចមក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្ដល់កិត្តិយសឡើងបំពាក់ឋានន្តរសក្កិថ្នាក់វរសេនីយ៍ទោ ជូនសពលោកវរសេនីយ៍ត្រី សូ សារឿន ជាកិច្ចបច្ឆាមរណៈ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណេះសំណាលចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសព និងបានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាពន់ពេក ចំពោះការបាត់បង់លោកវរសេនីយ៍ទោ សូ សារឿន ដែលជាយុទ្ធមិត្តធ្លាប់រួមអាវុធ ក្នុងសម័យសង្គ្រាមស៊ីវិល និងជាមិត្តរួមការងារអស់រយៈពេលជិត ៤០ឆ្នាំកន្លងទៅ ។ ថ្ងៃនេះលោកវរសេនីយ៍ទោ សូ សារឿន បានលាយើងទាំងអស់គ្នាជារៀងរហូតហើយ។ គាត់លាគ្មានថ្ងៃវិលត្រឡប់មកវិញឡើយ ហើយឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបួងសួងសុំឲ្យវិញ្ញាណក្ខន្ធលោកវរសេនីយ៍ទោ សូ សារឿន បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ថវិកាវិភាគទានយោធិនមរណៈចំនួន ១០,០០០,០០០ រៀល ដើម្បីជូនក្រុមគ្រួសារសព ក្នុងការរៀបចំពិធីបុណ្យជូនសពលោកវរសេនីយ៍ទោ សូ សារឿន ឲ្យបានសមរម្យ ប្រកបដោយកិត្តិយស និងសេចក្ដីថ្នូរ ផងដែរ ។
ក្រុមគ្រួសារសព លោកវរសេនីយ៍ទោ សូ សារឿន បានសូមគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុតចំពោះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានដឹកនាំសហការីនាំយកថវិកាវិភាគទានយោធិនមរណៈ និងបានចូលរួមផ្ដល់កិត្តិយសក្នុងពិធីបុណ្យសពនៅពេលនេះ និងសូមគោរពជូនពរសូមឲ្យថ្នាក់ដឹកនាំទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ។





































