សប្បុរសជន និង ស.ស.យ.ស ចុះជួយសម្រាលទុក្ខលំបាកគ្រួសាររងគ្រោះដោយទឹកជំនន់ ២០ គ្រួសារ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ នេះ សប្បុរសជន រួមមាន លោក ទួង កុកហ៊ួត និងអ្នកស្រី ធារ៉ា ព្រមទាំង លោក ទួង កុកផេង (ប្រធានសមាគម) ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព (ស.ស.យ.ស) សាខាខេត្តបន្ទាយមានជ័យ បានចុះបេសកកម្មមនុស្សធម៌នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រចាំថ្ងៃ ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ២០ គ្រួសារ ដែលកំពុងជួបប្រទះការខ្វះខាតយ៉ាងខ្លាំង។
ពិធីចែកអំណោយនេះ បានរៀបចំឡើងនៅចំណុចភូមិកៀនក្រោល ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ទីតាំងដែលប្រជាពលរដ្ឋកំពុងស្នាក់នៅ គឺជាទួលសុវត្ថិភាពកណ្ដាលទឹកលិច មានចម្ងាយជិត ១០ គីឡូម៉ែត្រ ពីដីគោក ដែលតម្រូវឱ្យក្រុមការងារធ្វើដំណើរតាមមធ្យោបាយកាណូតជញ្ជូនសម្ភារយ៉ាងលំបាក ដើម្បីទៅដល់ដៃជនរងគ្រោះដោយផ្ទាល់។
គ្រឿងឧបភោគបរិភោគ និងសម្ភារដែលបានចែកជូនដល់គ្រួសាររងគ្រោះទាំង ២០ គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖
ថវិកាចំនួន ៥០,០០០ រៀល
អង្ករ ១០ គីឡូក្រាម
ទឹកត្រី ១ យួរ
ទឹកស៊ីអ៊ីវ ១ យួរ
ត្រីខកំប៉ុង ១ យួរ
មី ១ កេះ
ស័ង្កសី ២៥ សន្លឹក (សម្រាប់ជួសជុលជម្រក)
បន្ថែមពីនេះ ក្រុមការងារសប្បុរសធម៌ក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់អ្នកបើកបរកាណូតដឹកជញ្ជូនសម្ភារតាមទឹកចំនួន ៧ គ្រឿង ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៣០,០០០ រៀល ផងដែរ។
ក្នុងសកម្មភាពមនុស្សធម៌ដ៏ប្រពៃនេះ មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពី៖
១. លោក ទួង កុកហ៊ួត និង អ្នកស្រី ធារ៉ា (ម្ចាស់អំណោយ)
២. លោក ទួង កុកផេង (ម្ចាស់អំណោយ និងជាប្រធានសមាគម)
៣. លោក សុខ ថៃ (ប្រធានគម្រោង)
៤. លោក សុខ ផល (អនុប្រធានគម្រោង)
៥. លោក ជួង វណ្ណអាង (ទីប្រឹក្សា និងជាចាងហ្វាងប៉ោយប៉ែតប៉ុស្តិ៍)
៦. លោក លឹម ខេង (អ្នកយកព័ត៌មាន)
៧. លោក វ៉ាយ ង៉ែត (សមាជិក) និងភរិយា (សមាជិកា)
៨. អ្នកស្រី គឹម សុភ័ណ្ឌ (សមាជិកា)
ព្រមទាំងព្រះតេជគុណនិមន្តចូលរួម ១ អង្គ និងតំណាងអ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗជាច្រើនរូបទៀត។
ស្មារតី “ខ្មែរជួយខ្មែរ” ក្នុងការចែករំលែក និងសម្រាលទុក្ខលំបាកនាពេលនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយធម្មជាតិ។
សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពសូមធ្វើសេចក្តីអំពាវនាវ៖
ដោយសារស្ថានភាពទឹកជំនន់នៅតែបន្តជះឥទ្ធិពល និងបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតនៅតំបន់ដាច់ស្រយាល ក្រុមការងារសូមធ្វើការអំពាវនាវយ៉ាងទទូចដល់សប្បុរសជនជិតឆ្ងាយ ក្រុមហ៊ុន សហគ្រាស និងអង្គការសង្គមស៊ីវិលនានា សូមមេត្តាបន្តចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗ ដើម្បីឱ្យក្រុមការងារអាចបន្តបេសកកម្មនាំយកជំនួយមនុស្សធម៌ទាំងនេះទៅចែកជូនដល់បងប្អូនជនរងគ្រោះជាបន្តទៀត ក្នុងន័យរួមចំណែកលើកកម្ពស់ស្មារតីសាមគ្គីភាព និងការជួយគ្នាក្នុងគ្រាលំបាក៕