
(កំពង់ធំ)៖ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ជាតិ ស៊ីវុត្ថា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ តំណាងឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ លំ គន្ធារី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដើម្បីស្តាប់មតិយោបល់ សំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅស្រុកបារាយណ៍។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងប្រតិភូអមដំណើរ ព្រមទាំងលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកបារាយណ៍ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងតំណាងអង្គការនានា។
វេទិកានេះរៀបចំឡើងក្នុងគោលបំណងបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន ពង្រឹងទំនាក់ទំនងរវាងអាជ្ញាធរនិងប្រជាពលរដ្ឋ ព្រមទាំងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានលើកឡើងនូវមតិយោបល់ សំណូមពរ និងបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍក្នុងមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធពិនិត្យ និងចាត់វិធានការដោះស្រាយឱ្យបានសមស្រប។
ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ គឺជាយន្តការដ៏សំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ តម្លាភាព គណនេយ្យភាព និងការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងរួមចំណែកឆ្លើយតបនឹងតម្រូវការ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋាននៃស្រុកចបារាយណ៍ទាំងមូល។







































