
(កំពង់ធំ)៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកស្ទោង និងលោក សាយ គឹមឡម អភិបាលស្រុក បានដឹកនាំសមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី និងការិយាល័យអង្គភាពចំណុះរដ្ឋបាលស្រុក អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក កែវ សុភ័ក្ត្រ អភិបាលរងស្រុកស្ទោង ដែលបានទទួលមរណភាពដោយរោគាពាធ។ ពិធីនេះបានបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងការសោកស្តាយយ៉ាងក្រៃលែង ចំពោះការបាត់បង់ថ្នាក់ដឹកនាំមួយរូប ដែលធ្លាប់បានរួមចំណែកបម្រើការជូនរដ្ឋបាលស្រុក និងសង្គមជាតិ។
ក្នុងឱកាសនោះលោក សាយ គឹមឡម បានថ្លែងថា មរណៈភាពលោក កែវ សុភ័ក្ត្រ មិនត្រឹមតែជាការបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបាត់បង់សហការី និងថ្នាក់ដឹកនាំឆ្នើមមួយរូបក្នុងជួររដ្ឋបាលស្រុកស្ទោង ដែលធ្លាប់ចែករំលែកការងារ ការទទួលខុសត្រូវ និងបេសកកម្មបម្រើប្រជាពលរដ្ឋជាមួយគ្នាមិនដែលស្រាកស្រាន។

ទោះបីរូបកាយរបស់លោកបានលាចាកឆ្ងាយពីមិត្តរួមការងារក៏ដោយ ប៉ុន្តែស្នាដៃនៃការចូលរួមបំពេញភារកិច្ច និងអនុស្សាវរីយ៍ដែលបានបន្សល់ទុក នឹងនៅតែជាផ្នែកមួយនៃការចងចាំរបស់អ្នកដែលធ្លាប់ស្គាល់ និងបានរួមការងារជាមួយលោកជារៀងរហូត។
លោក កែវ សុភ័ក្ត្រ ជាអ្នកតស៊ូដ៏ឆ្នើមមួយរូប ដែលបានបម្រើប្រជាពលរដ្ឋក្នុងស្រុកស្ទោងរហូតដល់នាទីចុងក្រោយ ដោយបានបន្សល់ទុកស្នាដៃ និងអនុស្សាវរីយ៍ជាច្រើន ក្នុងក្រអៅបេះដូងប្រជារាស្ត្រ និងមន្ត្រីរាជការទាំងអស់ ឱ្យអាឡោះអាល័យរូបលោក មិនចង់ឱ្យឃ្លាត។
សូមបញ្ជាក់ផងដែរថា លោក កែវ សុភ័ក្ត្របានទទួលមរណៈភាពក្នងជន្មាយុ៤៦ឆ្នាំ។ ក្នុងឱកាសនោះថ្នាក់ដឹកនាំស្រុកស្ទោង និងមន្ត្រីរាជការ កងកម្លាំងទាំងបី បានចូលរួមបច្ច័យសរុបចំនួន៥លាន ហាសិបម៉ឺនរៀលផងដែរ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង




































