រដ្ឋបាលខេត្តកំពង់ធំជំរុញឲ្យគណៈកម្មការទទួលបន្ទុករៀបចំពិធីប្រណាំងទូកត្រួតពិនិត្យតាមដានកិច្ចការនេះឲ្យបានល្អិតល្អន់ នឹងទទួលខុសត្រូវខ្ពស់

(កំពង់ធំ) ÷ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់់ធំ ជំរុញឱ្យគណកម្មការទទួលបន្ទុករៀបចំពិធីប្រណាំងទូកខេត្ត ត្រួតពិនិត្យតាមដានកិច្ចការនេះឲ្យបានល្អិតល្អន់ និងទទួលខុសត្រូវខ្ពស់។ ឯកឧត្តមលើកឡើងដូចនេះក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំពិធីប្រណាំងទូកខេត្តកំពង់ធំ ឆ្នាំ២០២៦ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្ត។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត បានជំរុញដល់គណកម្មការរៀបចំពិធីប្រណាំងទូកនេះ ត្រូវបន្តសហការជាមួយដៃគូពាក់ព័ន្ធទាំងអស់ដើម្បីធ្វើយ៉ាងណាញាំងឲ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន និង អធិកអធ័ម។ ឯកឧត្តមបន្ថែមទៀតថា ការងារការពារសន្តិសុខសណ្តាប់ធ្នាប់ ជាចំណុចសំខាន់ដែលត្រូវយកចិត្តទុកដាក់ និងមានការប្រុងប្រយ័ត្នខ្ពស់ ។ ឯកឧត្តមបន្ថែមថា បញ្ហាមួយចំនួនទៀតដែលយើងត្រូវធ្វើបន្តគីការរៀបចំកន្លែងស្នាក់នៅសម្រាប់ក្រុមកីឡាករ ការសម្អាតអនាម័យបរិស្ថាន ការរៀបចំបណ្តាញផ្សាយផ្ទាល់ ការរៀបចំក្រុមការងារបច្ចេកទេស កន្លែងទទួលគណធិបតីចូលរួម និងកិច្ចការលម្អិតផ្សេងទៀតដែលមានអនុគណៈកម្មការទទួលបន្ទុកច្បាស់លាស់។

ឯកឧត្តមសង្ឃឹមថាក្រុមការងារទទួលបន្ទុកទាំងអស់ខិតខំយកចិត្តទុកដាក់ធ្វើឱ្យកម្មវិធីនេះប្រកបដោយសោភ័ណភាព និងទទួលបានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋ។ឯកឧត្តមសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មកចូលរួមទស្សនាការប្រណាំងទូកនេះឲ្យបានច្រើនកុះករ។

សូមបញ្ជាក់ថាដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រដ្ឋបាលខេត្តកំពង់ធំនឹងរៀបចំធ្វើពិធីប្រណាំងទូកថ្នាក់ខេត្តរយពេល២ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្តោយសួនមាត់ស្ទឹងសែន ដោយនៅពេលរាត្រីមានពិធីបង្ហោះគោម បាញ់កាំជ្រួច បណ្តែតប្រទីប និងការប្រគំតន្ត្រីកំសាន្តទៀតផង។