
ខេត្តកោះកុង ៖ មហាជន និងសាធារណៈជនទូទៅ កំពុងមានការចាប់អារម្មណ៍ និងផ្ដល់ការគាំទ្រដល់ម្ចាស់ផ្ទះថ្មីម្នាក់ ដែលជាជនរងគ្រោះ និងជាជនភៀសសឹកមកពីតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ ដោយសារតែពួកគាត់កំពុងជួបប្រទះនូវភាពអយុត្តិធម៌ និងការរំលោភបំពានលើទីតាំងដី និងផ្ទះសម្បែងរបស់ខ្លួន ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង។ យោងតាមឯកសារប្លង់ប្រព័ន្ធ និងលិខិតបញ្ជាក់ពីមន្ត្រីជំនាញប្លង់ប្រព័ន្ធ ដែលមានក្បាលដីលេខ 608 ទំហំ ១៤៤ម៉ែត្រការ៉េ បានបញ្ជាក់យ៉ាងច្បាស់អំពីកម្មសិទ្ធិ និងទីតាំងស្របច្បាប់របស់ម្ចាស់ផ្ទះ។ ប៉ុន្តែ ទោះបីជាមានឯកសារផ្លូវការណ៍យ៉ាងណាក៏ដោយ ក៏នៅតែមានសកម្មភាព និងភាពមិនប្រក្រតីកើតឡើងចំពោះមុខដី និងផ្ទះរបស់ជនរងគ្រោះ ដែលទាមទារឱ្យអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍ និងផ្ដល់ភាពយុត្តិធម៌ជូនពួកគាត់ជាបន្ទាន់។ រូបភាពស្ថានភាពជាក់ស្តែងនៅកន្លែងកើតហេតុ បានបង្ហាញពីទីតាំងផ្ទះសាងសង់ថ្មីតាមទំហំដីស្របច្បាប់ ដែលមានការកំណត់ព្រំប្រទល់ច្បាស់លាស់ ប៉ុន្តែត្រូវបានរងនូវការគំរាមកំហែង ឬការរំលោភបំពានផ្សេងៗពីស្ត្រីជាប់ព្រំ។ ម្ចាស់ផ្ទះដែលជាជនភៀសសឹក និងបានខិតខំសាងសង់ជីវិតថ្មីនៅទីនេះ គ្មានទីពឹងណាក្រៅពីការរំពឹងទុកលើកិច្ចអន្តរាគមន៍ពីសំណាក់ ថ្នាក់ដឹកនាំ អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ដើម្បីជួយការពារសិទ្ធិ និងធានាបាននូវសុវត្ថិភាពទ្រព្យសម្បត្តិស្របច្បាប់របស់ពួកគាត់។ សាធារណជនក៏ដូចជា សូមអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច មេត្តាចុះពិនិត្យស្រាវជ្រាវ និងផ្ដល់យុត្តិធម៌ដោយតម្លាភាព ជូនដល់គ្រួសាររងគ្រោះខាងលើនេះផង៕ ដោយមតិមហាជន

































