គណៈកម្មការគ្រប់គ្រងការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ដាំស្ដារព្រៃឈើឡើងវិញ នៅសហគមន៍តំបន់ការពារធម្មជាតិជាំម្រេច ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ អមដំណើរដោយលោក អោង ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្ត បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី(ភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក) និងប្រជាសហគមន៍ សរុបចំនួន ១៣៦នាក់ ស្រី១៨នាក់ បានរួមគ្នាដាំស្ដារព្រៃឈើឡើងវិញ នៅសហគមន៍តំបន់ការពារធម្មជាតិជាំម្រេច ស្ថិតនៅដែន​ជម្រកសត្វព្រៃបឹងពែរ ក្នុងភូមិសាស្ត្រភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
លោក អោង ប៊ុនធឿន បានឡើងរាយការណ៍បញ្ជាក់ថា៖ ព្រៃសហគមន៍តំបន់ការពារធម្មជាតិជាំម្រេច មានផ្ទៃដីទំហំ ២ ៩០៨ហិកតា ហើយកន្លងទៅនេះ មានជនខឹលខូចបានលួចកាប់រានទន្ទ្រានដីព្រៃយកអាស្រ័យផលអស់មួយចំនួន ប៉ុន្តែក្នុងនោះត្រូវក៏បានស្ថាប័នជំនាញបរិស្ថាន រួមជាមួយរដ្ឋបាលស្រុក ខេត្ត ធ្វើការដកហូតមួយចំនួនយកមកធ្វើជាសម្បត្តិរដ្ឋវិញ។ ជាក់ស្ដែងថ្ងៃនេះ ផ្ទៃដីសហគមន៍នេះចំនួន៩ហិកតា ត្រូវបានសហគមន៍ មន្ទីរបរិស្ថាន ណៈកម្មការគ្រប់គ្រងការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ រួមគ្នាជាមួយអាជ្ញាធរដែនដី ធ្វើការដាំស្ដារព្រៃឈើឡើងវិញ ដែលមានកូនឈើប្រភេទគ្រញូងចំនួន ៥ ៧០០ដើម ត្រូវបានដាំនៅថ្ងៃនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់ថា៖ អស់​រយៈពេល​ជាង ២៨ ខែ ក្នុងកិច្ចប្រតិបត្តិការ ការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិនៅក្នុងខេត្តកំពង់ធំ។ គណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិខេត្ត​ បាន​ដំណើរ​ការប្រតិបត្តិការដោយ​ប្រើ​ប្រាស់​កម្លាំង​ចម្រុះ​នៅ​ថ្ងៃទី​ ០១​ ខែ​ ឧសភា​ ឆ្នាំ​២០២៤​ រហូត​ដល់​បច្ចុប្បន្ន​​ ដោយ​បានរកឃើញនិងដករហូតដីព្រៃឈើ ដែលក្រុមជនល្មើសលួចកាប់ទន្ទ្រាននាបណ្ដាឆ្នាំកន្លងទៅ មុនខែឧសភា​ឆ្នាំ២០២៤  បានជាង ៤.៣០០ ហិកតា ស្មើនឹង ៣៤៦​ ទីតាំងផ្សេងៗគ្នា នៅក្នុងខេត្តកំពង់ធំ ហើយផ្ទៃដីទាំងនេះ ត្រូវបានដកហូតមកជាសម្បត្តិរដ្ឋ ។  ក្នុងនោះផ្ទៃដីមួយចំនួនត្រូវបានដាំស្ដារព្រៃឈើឡើងវិញ និងមួយចំនួនទៀត បានដុះលូតលាស់ព្រៃឈេីធម្មជាតិ ដេីម្បីទុកសម្រាប់ឲ្យកូនចៅយើងនៅជំនាន់ក្រោយៗទៀតផងដែរ។
នៅ​ក្នុង​ឱកាស​នេះ​ ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ និង​លោក​ អោង​ ប៊ុន​ធឿន​ បាន​ដឹកនាំ​កងកម្លាំចម្រុះ រួមជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដាំស្ដារព្រៃឈើឡើងវិញ និងបានសំណូមពរដល់ប្រជាពលរដ្ឋ និងប្រជាសហគមន៍ ទាំងអស់​ត្រូវរួមគ្នាថែរក្សា ការពារធនធានធម្មជាតិរបស់យើង ឱ្យនៅគង់វង្សសម្រាប់សង្គមជាតិយើង និងបានអំពាវនាវសុំឲ្យប្រជាពលរដ្ឋទាំងអស់ មេត្តាបោះបង់ចោលនៅការលួចកាប់រានទន្ទ្រានដីព្រៃឈើយកដីធ្វើចំការ ធ្វើជាកម្មសិទ្ធិ និងការលួចកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់ ដែលនាំឲ្យមានទោសទណ្ឌដល់ខ្លួន  ។