(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនដោយផ្អែកលើការបញ្ជាក់ក្រុមមន្ត្រីក្នុងតំបន់ បានរាយការណ៍ថាគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយបានសម្លាប់មនុស្សយ៉ាងហោច ១៦នាក់ និងបណ្ដាលឱ្យមនុស្ស ៤៦នាក់ផ្សេងទៀតរងរបួស នៅក្នុងតំបន់ទីបេ នៃប្រទេសចិន។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦។

ក្រៅពីនេះ ផ្ទះជាង ៣០០ខ្នងក៏បានបាក់រលំផងដែរ នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីកម្រិត ៧,០រ៉ិចទ័រ ដែលបានកើតឡើងកាលពីម៉ោង១០៖៣៣នាទីយប់ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា។ ក្រុមមន្ត្រីក្នុងតំបន់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានចិន Xinhua ថាពួកគេកំពុងវាយតម្លៃពីទំហំនៃការខូចខាត ហើយការផ្ដល់ជំនួយកំពុងប្រព្រឹត្តទៅ។ ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយមជ្ឈិមចិន CCTV បានរាយការណ៍ថាមានមនុស្ស៤៦នាក់បានរងរបួស ហើយក្នុងចំណោមពួកគេមាន ១១នាក់រងរបួសធ្ងន់ ខណៈផ្ទះ ៣៣៩ខ្នងបានបាក់រលំ ឬរងការខូចខាត។
បើតាមទីភ្នាក់ឃ្លាំមើលគ្រោះរញ្ជួយដីរបស់សហរដ្ឋអាមេរិក USGS ចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីខាងលើមានទីតាំងស្ថិតតំបន់ភ្នំមួយមានចម្ងាយប្រងែល ១៩០គីឡូម៉ែត្រ ពីខាងកើតឆៀងឦសាននៃទីក្រុង Nagqu និង៣៩០គីឡូម៉ែត្រពីទីក្រុង Lhasa ដែលជារដ្ឋធានីនៃតំបន់ទីបេ។ គ្រោះរញ្ជួយដីនេះដែរមានជម្រៅទៅក្នុងដី ១០គីឡូម៉ែត្រ។
គួរបញ្ជាក់ថា បើតាម Xinhua មន្ត្រីប៉ូលិសជាង ៣០០នាក់ត្រូវបានដាក់ពង្រាយទៅកាន់តំបន់រងគ្រោះ ដើម្បីចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ និងផ្ដល់ជំនួយក្រោមកិច្ចសហការ ជាមួយក្រុមអ្នកជួយសង្រ្គោះ៣៤៧នាក់ដែលកំពុងដឹកនាំប្រតិបត្តិការរបស់ពួកគេក្នុងតំបន់រងផលប៉ះពាល់៕


























