អ្នកជំនាញហិរញ្ញវត្ថុ អំពាវនាវដល់មហាជនជឿជាក់លើរដ្ឋាភិបាល និងជឿតែប្រភពព័ត៌មានច្បាស់លាស់ ជៀសវាងជឿព័ត៌មានក្លែងក្លាយ នាំឱ្យមានមន្ទិលលើវិស័យធនាគារ

​(ភ្នំពេញ)៖ លោក យន់ សំអាង អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកឥណទានស្តីទី នៃធនាគារ ខេប៊ីប្រាសាក់ បានអំពាវនាវដល់សាធារណជន ឱ្យមានការជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងជៀសវាងការជឿលើព័ត៌មានដែលមិនមែនជាផ្លូវការ ឬពាក្យចចាមអារ៉ាម ដែលអាចបង្កឱ្យមានការបាត់បង់ទំនុកចិត្តលើវិស័យធនាគារ។

លោកបានសង្កត់ធ្ងន់ថា មហាជនគួរតែជ្រើសរើស និងស្ដាប់តែព័ត៌មានដែលមានប្រភពច្បាស់លាស់ ដូចជាពីធនាគារជាតិនៃកម្ពុជា ឬសមាគមធនាគារនៅកម្ពុជា (ABC) ជាដើម ដែលជាស្ថាប័នមានសមត្ថកិច្ចក្នុងការបំភ្លឺ និងផ្ដល់ព័ត៌មានគួរឱ្យជឿទុកចិត្តបាន។ ការវិភាគស៊ីជម្រៅទៅលើប្រភព និងភាពត្រឹមត្រូវនៃព័ត៌មាន គឺជារឿងសំខាន់ណាស់ ដើម្បីចៀសវាងការភ័ន្តច្រឡំ និងភាពមិនស្ងប់ក្នុងចិត្ត។

លោក យន់ សំអាង ក៏បានបញ្ជាក់ផងដែរថា វិស័យធនាគារនៅកម្ពុជាបច្ចុប្បន្នមានភាពរឹងមាំខ្លាំងណាស់។ ដូច្នេះ ការជឿជាក់លើព័ត៌មានពិត និងការដឹកនាំរបស់រដ្ឋាភិបាល គឺជាកត្តាចាំបាច់ដើម្បីរក្សាស្ថិរភាព និងទំនុកចិត្តនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុជាតិ៕