ស្ពានឈើថ្មីប្រវែង ២៧ម៉ែត្រ ត្រូវបានសម្ពោធប្រើប្រាស់នៅឃុំរំដោះស្រែ ជួយលើកកម្ពស់ជីវភាព និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ

ខេត្តព្រះវិហារ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលឃុំរំដោះស្រែ ស្រុកជាំក្សាន្ត បានរៀបចំពិធីបុណ្យឆ្លងស្ពានឈើថ្មីមួយស្ថិតនៅចំណុចអូរតាជៀល បន្ទាប់ពីការសាងសង់បានបញ្ចប់ដោយជោគជ័យ ដោយមានការចូលរួមពីមន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំ លោកមេភូមិ និងប្រជាពលរដ្ឋពីភូមិស្វាយ ភូមិស្រែ ភូមិគោក និងភូមិរលំថ្ម។

ស្ពានឈើនេះមានប្រវែង ២៧ម៉ែត្រ និងទទឹង ៣.៨០ម៉ែត្រ ដែលត្រូវបានសាងសង់ឡើងដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋក្នុងតំបន់ ដែលធ្លាប់ជួបការលំបាកជាច្រើន ជាពិសេសនៅរដូវភ្លៀង។ ការសាងសង់ស្ពាននេះត្រូវបានគាំទ្រថវិកាដោយឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ រួមជាមួយនឹងការចូលរួមរបស់សប្បុរសជនជាច្រើន។

គម្រោងនេះក៏ទទួលបានកិច្ចសហការយ៉ាងសកម្មពីរដ្ឋបាលឃុំជាំក្សាន្ត និងរដ្ឋបាលឃុំព្រីងធំ ព្រមទាំងការគាំទ្រពីអង្គការទស្សនៈពិភពលោក (World Vision) ដែលបានចូលរួមជាដៃគូអភិវឌ្ឍន៍ក្នុងសហគមន៍។

ជាមួយគ្នានេះផងដែរ អង្គការទស្សនៈពិភពលោក ក៏បានឧបត្ថម្ភសម្ភារៈសំណង់ រួមមានដែកស័ង្កសី និងដែកគោល សម្រាប់សាងសង់សាលាសំណាក់តូចមួយមានទំហំ ៣ម៉ែត្រ គុណ ៤ម៉ែត្រ នៅក្បែរស្ពាន ដើម្បីផ្តល់ជាកន្លែងសម្រាក និងជាជំនួយសម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់។

ការសម្ពោធស្ពាននេះ ត្រូវបានមើលឃើញថាជាជំហានសំខាន់មួយក្នុងការលើកកម្ពស់ការតភ្ជាប់ក្នុងសហគមន៍ ជួយអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងធ្វើឱ្យមានភាពងាយស្រួលក្នុងការចូលដំណើរការសេវាសាធារណៈ ដូចជា ការអប់រំ និងសុខាភិបាល។

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ស្ពាននេះមិនត្រឹមតែជាសំណង់សម្រាប់ឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរ សហគមន៍ និងដៃគូអភិវឌ្ឍន៍ ដែលរួមគ្នាធ្វើឱ្យគម្រោងនេះក្លាយជាការពិត៕ ដោយលោក សួន ពិសិត