លោក ត្រាំ អះអាងថា មេដឹកនាំអ៉ីរ៉ង់ បានស្នើសុំបទឈប់បាញ់

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃពុធថា មេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ បានស្នើសុំសហរដ្ឋអាមេរិក ដើម្បីឱ្យមានការប្រកាសបទឈប់បាញ់នៅក្នុងសង្គ្រាមនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

តាមរយៈបណ្តាញសង្គម Truth Social លោក ត្រាំ បានសរសេរយ៉ាងច្បាស់ថា «យើងនឹងពិចារណា (លើសំណើនេះ) នៅពេលណាដែលច្រកសមុទ្រហ័រមូស (Hormuz) ត្រូវបានបើកឱ្យដំណើរការដោយសេរី និងគ្មានការរារាំង។ ប៉ុន្តែរហូតដល់ពេលនោះមកដល់ យើងនឹងបន្តវាយប្រហារកម្ទេចអ៉ីរ៉ង់ឱ្យសាបសូន្យ!»។

គួរបញ្ជាក់ថា ការអះអាងរបស់លោក ត្រាំ ធ្វើឡើងស្របពេលដែលស្ថានការណ៍សង្គ្រាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងនឹងអ៉ីរ៉ង់ កំពុងបន្តមានភាពតានតឹងយ៉ាងខ្លាំង ដោយមិនទាន់មានការបញ្ជាក់ពីខាងភាគីអ៉ីរ៉ង់ឡើយ ចំពោះសំណើបទឈប់បាញ់នេះ៕