
ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរមូលដ្ឋានកម្រិតឃុំ បានដឹកនាំកម្លាំងសហគមន៍ ចុះអនុវត្តសកម្មភាពបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាមយ៉ាងសកម្ម ក្នុងភូមិសាស្ត្រចំនួន៣ គឺ ភូមិទឹកក្រហម ភូមិសង្គមថ្មី និងភូមិចាត់តាំង។
សកម្មភាពនេះដឹកនាំដោយក្រុមប្រឹក្សាឃុំ និងមេភូមិ សហការជាមួយកម្លាំងប្រជាការពារ និងក្រុមទ្រទ្រង់សុខភាពភូមិ ដោយបានចាត់តាំងកម្លាំងសរុបចំនួន ៥០នាក់ បែងចែកជា ៥ក្រុម ដើម្បីចុះដាក់ថ្នាំអាបែតតាមគ្រួសារប្រជាពលរដ្ឋ និងតាមតំបន់មានហានិភ័យខ្ពស់។
ការចុះអនុវត្តនេះធ្វើឡើងក្រោយពីមានការរកឃើញករណីជំងឺគ្រុនឈាមនៅក្នុងភូមិទឹកក្រហម ដែលបង្កឱ្យអាជ្ញាធរមូលដ្ឋានមានការព្រួយបារម្ភអំពីសុខភាពសាធារណៈ និងហានិភ័យនៃការរីករាលដាលបន្ថែម។

ក្នុងអំឡុងពេលអនុវត្ត ក្រុមការងារបានចុះផ្សព្វផ្សាយអំពីវិធានការបង្ការជំងឺគ្រុនឈាម ដោយអំពាវនាវឱ្យប្រជាពលរដ្ឋសហការសម្អាតបរិស្ថានជុំវិញផ្ទះ បំបាត់ទឹកជម្រះទឹកដក់ និងគ្រប់គ្រងធុងទឹកឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយទីកន្លែងកំណើតមូស។
អាជ្ញាធរបានបញ្ជាក់ថា សកម្មភាពបង្ការនេះគឺជាជំហានសំខាន់មួយ ក្នុងការការពារសុខភាពប្រជាពលរដ្ឋ និងបង្ការ ការផ្ទុះរាលដាលជំងឺគ្រុនឈាមនៅក្នុងសហគមន៍។ ព្រមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តមានការប្រុងប្រយ័ត្ន និងចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរ ដើម្បីធានាសុវត្ថិភាពសុខភាពរួម៕អត្ថបទ ដោយ លោក សួន ពិសិត






































