
ខេត្តកោះកុង៖ នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់ និងការរៀបចំរបៀបរៀបរយនៅតំបន់ទេសចរណ៍សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីធានាបាននូវបរិយាកាសល្អសម្រាប់ភ្ញៀវទេសចរ។
ក្នុងឱកាសនោះ លោកអភិបាលស្រុក បានអញ្ជើញចុះពិនិត្យគោលដៅប្រចាំការរបស់កម្លាំងគណៈបញ្ជាការឯកភាពស្រុក នៅចំណុចគល់ស្ពានកោះប៉ោត្រើយខាងលិច ដែលជាតំបន់មានសារៈសំខាន់ក្នុងការគ្រប់គ្រងសន្តិសុខ និងចរាចរណ៍។ ការចុះត្រួតពិនិត្យនេះ មានគោលបំណងពង្រឹងការត្រៀមលក្ខណៈរបស់កម្លាំងសមត្ថកិច្ច ក្នុងការឆ្លើយតបទៅនឹងស្ថានភាពនានា និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

បន្ទាប់មក លោកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សហការជាមួយរដ្ឋបាលឃុំប៉ាក់ខ្លង ចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់នៅតំបន់មុខវត្តសមុទ្ធារាម (វត្តប៉ាក់ខ្លង) និងតំបន់ឆ្នេរប៉ាក់ខ្លង ដែលជាគោលដៅទេសចរណ៍មានភាពពេញនិយម។ អាជ្ញាធរ បានអនុវត្តវិធានការរៀបចំទីតាំងលក់ដូរឲ្យមានរបៀបរៀបរយ សមស្រប និងមិនបង្កឲ្យមានភាពរំខានដល់ភ្ញៀវទេសចរ។
ក្នុងការសំណេះសំណាលជាមួយបងប្អូនអាជីវករ លោក សុខ ភិរម្យ បានលើកទឹកចិត្តឲ្យមានការយកចិត្តទុកដាក់លើការថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថាន ជាពិសេសការគ្រប់គ្រងសំណល់ និងការរក្សាភាពស្អាតនៅតាមបរិវេណឆ្នេរ។ លោកក៏បានណែនាំឲ្យអាជីវករទាំងអស់ប្រកាន់ខ្ជាប់នូវគោលការណ៍លក់ដូរដោយស្មោះត្រង់ កំណត់តម្លៃសមរម្យ និងជៀសវាងការឡើងថ្លៃអតិផរណា ដែលអាចប៉ះពាល់ដល់ភាពជឿជាក់របស់ភ្ញៀវទេសចរ។

លើសពីនេះ លោកអភិបាលស្រុក បានសង្កត់ធ្ងន់ថា ការផ្តល់សេវាកម្មល្អ មានគុណភាព និងមានភាពរួសរាយរាក់ទាក់ ជាកត្តាសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងតំបន់ និងជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកកម្សាន្តកាន់តែច្រើន ជាពិសេសក្នុងអំឡុងពេលបុណ្យទាន និងរដូវទេសចរណ៍ខាងមុខ។
សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរស្រុកមណ្ឌលសីមា ក្នុងការលើកកម្ពស់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍវិស័យទេសចរណ៍ឲ្យមាននិរន្តរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់៕ដោយ កៅ វង




































