
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សេរីរតនៈ ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកក្រោមឱវាទក្រសួងព័ត៌មាន រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន និងប្រសិទ្ធពរជ័យ សេរីមង្គល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។
ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសអធ្យាស្រ័យ សាមគ្គីភាព និងពោរពេញដោយជំនឿសាសនា ដោយមានការនិមន្តព្រះសង្ឃជាច្រើនអង្គចូលរួមសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីប្រសិទ្ធពរជ័យជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ឱ្យទទួលបានសុខសុភមង្គល ជោគជ័យ និងវិបុលភាពក្នុងឆ្នាំថ្មី។

ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថា ពិធីសូត្រមន្តចម្រើនព្រះបរិត្ត មិនត្រឹមតែជាប្រពៃណីសាសនាប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការរួបរួម សាមគ្គីភាព និងការគោរពតម្លៃវប្បធម៌ជាតិរបស់មន្ត្រីក្រសួងព័ត៌មាន។ ឯកឧត្តមក៏បានអំពាវនាវឱ្យមន្ត្រីរាជការទាំងអស់ បន្តអនុវត្តភារកិច្ចរបស់ខ្លួនដោយមានវិន័យ ទំនួលខុសត្រូវ និងចូលរួមថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍សង្គមជាតិ។
ជាមួយគ្នានេះ លោកជំទាវ ទុយ សេរីរតនៈ ក៏បានបញ្ជាក់ពីសារៈសំខាន់នៃការរួមចំណែករបស់ស្ត្រីក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ដោយលើកទឹកចិត្តឱ្យសមាជិកសមាគម និងមន្ត្រីស្ត្រីទាំងអស់ បន្តមានសកម្មភាពវិជ្ជមានក្នុងសង្គម និងគាំទ្រការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ពិធីនេះក៏បានរៀបចំអាហារសាមគ្គី និងពិធីជប់លៀងតូចមួយ ដើម្បីបង្កើនភាពស្និទ្ធស្នាល និងសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ទាំងនេះជាផ្នែកមួយនៃការត្រៀមខ្លួនទទួលឆ្នាំថ្មីប្រពៃណីជាតិ។
សូមបញ្ជាក់ថា បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាពិធីបុណ្យដ៏សំខាន់មួយ ដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌ និងប្រពៃណីបុរាណរបស់ប្រជាជនកម្ពុជា ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដោយពោរពេញទៅដោយសេចក្តីសុខសាន្ត ការជួបជុំគ្រួសារ និងការអនុវត្តសាសនាពិធីនានា ដើម្បីសុំសេចក្តីជោគជ័យ និងសុភមង្គលក្នុងឆ្នាំថ្មី៕ដោយ លោក ឌីម សុខុម



































