នៅឯកិច្ចប្រជុំទីក្រុងឡាហាវ៉ាន មន្រ្តីអាមេរិកសង្កត់ធ្ងន់ឱ្យគុយបា ធ្វើកំណែទម្រង់

(ឡាហាវ៉ាន)៖ នៅក្នុងខែនេះ ក្រុមមន្ត្រីអាមេរិក និងគុយបា បានជួបប្រជុំនៅរដ្ឋធានីឡាហាវ៉ានរបស់គុយបា ដោយទីក្រុងវ៉ាស៊ីនតោន បានជំរុញឱ្យរដ្ឋាភិបាលគុយបា ដឹកនាំការធ្វើកំណែទម្រង់សេដ្ឋកិច្ច ចំពោះមុខវិបត្តិថាមពល និងការបិទខ្ទប់ពីអាមេរិកទៅលើលំហូរប្រេង ចូលទៅកាន់ប្រទេសដីកោះមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦។

មន្ត្រីក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា កិច្ចប្រជុំធ្វើឡើងកាលពីថ្ងៃទី១០ ខែមេសា សម្រាប់កិច្ចពិភាក្សាដែលត្រួតពិនិត្យដោយរដ្ឋមន្រ្តី Marco Rubio តែមិនបានលម្អិតទេថាមានមន្ត្រីណាខ្លះចូលរួម។ កិច្ចប្រជុំនេះត្រូវបានរាយការណ៍ដំបូងដោយកាសែតអាមេរិក Axios។

មន្ត្រីដដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះទៀតថា គណៈប្រតិភូអាមរិកបានរំលឹកឡើងវិញថា សេដ្ឋកិច្ចគុយបាស្ថិតក្នុងការដួលរលំ ហើយឥស្សរជនកំពុងកាន់អំណាចគុយបា នៅសល់តែចន្លោះតូចមួយប៉ុណ្ណោះ ដើម្បីធ្វើកំណែទម្រង់សំខាន់ៗ ដែលគាំទ្រដោយសហរដ្ឋអាមេរិក មុនពេលកាលៈទេសៈរឹតតែអាក្រក់។

បើតាមលោក Alejandro Garcia del Toro ដែលជាមន្រ្តីទទួលបន្ទុកកិច្ចការអាមេរិកក្នុងក្រសួងការបរទេសគុយបា គ្មានភាគីទាំងពីរណាមួយដាក់ឱសានវាទ ឬធ្វើសេចក្តីគំរាមកំហែងទេនៅក្នុងកិច្ចប្រជុំនេះ ដោយបានលោកពិពណ៌នាថា «មានគោរពគ្នា»៕