អភិបាលក្រុងព្រះវិហារ ដឹកនាំកម្លាំងចម្រុះចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងកែលម្អសុវត្ថិភាពចរាចរណ៍ក្នុងសង្កាត់បាលហាល

  ខេត្តព្រះវិហារ៖ រដ្ឋបាលក្រុងព្រះវិហារ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងរយៈពេលពីរថ្ងៃជាប់គ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់សាធារណៈ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការរុះរើសំណង់រំលោភលើដីចំណីផ្លូវ និងការរៀបចំរបាំងសុវត្ថិភាពនៅចំណុចគ្រោះថ្នាក់។
ការចុះអនុវត្តវិធានការរុះរើសំណង់លើដីចំណីផ្លូវ
នៅរសៀលថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ លោក ប៉ុក ងួន អភិបាលនៃគណៈអភិបាលក្រុងព្រះវិហារ បានដឹកនាំកម្លាំងចម្រុះចុះរុះរើរបង និងសំណង់ផ្សេងៗដែលប្រជាពលរដ្ឋបានសង់រំលោភលើដីចំណីផ្លូវសាធារណៈ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅក្នុងភូមិភារកិច្ច សង្កាត់បាលហាល ក្រុងព្រះវិហារ។
ជាលទ្ធផលគួរឱ្យកត់សម្គាល់ ការចុះអនុវត្តច្បាប់នេះមិនបានជួបប្រទះការតវ៉ា ឬការរិះគន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋឡើយ ដោយពួកគាត់បានយល់ដឹងពីសារៈសំខាន់នៃសណ្តាប់ធ្នាប់ទីក្រុង និងច្បាប់ភូមិបាល។

ការកែលម្អផ្លូវ និងការការពារគ្រោះថ្នាក់ចរាចរណ៍
ទន្ទឹមនឹងការរៀបចំសណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការរយៈពេលពីរថ្ងៃនេះ លោកអភិបាលក្រុង រួមជាមួយ   លោក ឆាត សួន ចៅសង្កាត់បាលហាលនិងកម្លាំងសរុបជាង ៣០នាក់ ក៏បានមមាញឹកក្នុងការងារបច្ចេកទេសផ្លូវថ្នល់ផងដែរ រួមមាន៖
ការប្រើប្រាស់ដីចាក់បំពេញ បានចំណាយដីអស់ចំនួន ៦ ឡាន ដើម្បីកែសម្រួលស្ថានភាពផ្លូវឱ្យមានភាពរលូន។
ការរៀបចំរបាំងសុវត្ថិភាព ក្រុមការងារបានប្រើប្រាស់សំបកកង់ឡានជាង ២០០ សំបក ដើម្បីធ្វើជារណាំងការពារនៅចំណុចដែលងាយរងគ្រោះ ក្នុងគោលបំណងបង្ការ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ដែលកន្លងមកធ្លាប់បង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិ និងគ្រោះថ្នាក់ដល់ជីវិត។


សារអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវក្នុងឱកាសនោះដែរ  លោក ឆាត សួន ចៅសង្កាត់បាលហាល បានសម្តែងនូវការព្រួយបារម្ភ និងអំពាវនាវដោយទទូចដល់យុវជន ក៏ដូចជាអ្នកធ្វើដំណើរទាំងអស់ថា៖ សូមកូនក្មួយ និងបងប្អូនទាំងអស់ដែលធ្វើដំណើរឆ្លងកាត់ទីនេះ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវគ្រប់ពេលបើកបរ។ សូមកុំឱ្យគ្រោះថ្នាក់ដែលកើតចេញពីការធ្វេសប្រហែស មកបំផ្លាញអនាគតខ្លួនឯង និងនាំទុក្ខសោកដល់ឪពុកម្តាយ ក៏ដូចជាខូចខាតទ្រព្យសម្បត្តិគ្រួសារឡើយ។

  ប្រតិបត្តិការនេះស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរមូលដ្ឋាន ក្នុងការធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការកសាងមុខមាត់ក្រុងព្រះវិហារឱ្យមានសោភ័ណភាពស្រស់បំព្រង៕ដោយ សួន ពិសិត