ចិនប្រកាសជាផ្លូវការពីដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា

(ប៉េកាំង)៖ ទីក្រុងប៉េកាំងបានទទួលស្គាល់ជាផ្លូវការថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ជាទីដែលមេដឹកនាំអាមេរិកត្រូវបានរំពឹងថានឹងពិភាក្សាពីពាណិជ្ជកម្ម និងសង្រ្គាមអ៉ីរ៉ង់ជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសចិន បានគូសបញ្ជាក់នៅថ្ងៃចន្ទ ទី១១ ខែឧសភានេះថា «តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើទស្សនកិច្ចមកកាន់ប្រទេសចិនពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា»។ តាមក្រុមមន្ត្រីអាមេរិក លោក ត្រាំ និងលោក ស៊ី ជីនពីង ត្រូវបានរំពឹងថានឹងពិភាក្សាពីសង្រ្គាមអ៉ីរ៉ង់ តៃវ៉ាន់ AI កិច្ចព្រមព្រៀងរ៉ែកម្រ រួមទាំងអាវុធនុយក្លេអ៊ែរ។ លោក ត្រាំ គ្រោងនឹងទៅដល់ទីក្រុងប៉េកាំងនៅថ្ងៃពុធសប្ដាហ៍នេះ នៅមុនកិច្ចប្រជុំកំពូលត្រូវប្រព្រឹត្តទៅពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ។

គួរបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនលើកដំបូងបំផុតរបស់លោក ដូណាល់ ត្រាំ ចាប់តាំង២០១៧ ហើយវាក៏នឹងក្លាយជាជំនួបទល់មុខលើកដំបូងផងដែររវាងមេដឹកនាំ នៃមហាអំណាចទាំង២ បន្ទាប់ពីបានជួបគ្នាក្នុងកិច្ចប្រជុំមួយនាឱកាសចូលរួមកិច្ចប្រជុំកំពូល APEC ក្នុងប្រទេសកូរ៉េខាងត្បូងកាលពីខែតុលា ឆ្នាំ២០២៥៕