
ភ្នំពេញ ៖ ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីអំពាវនាវជាសាធារណៈមួយ ដោយជំរុញឱ្យប្រជាពលរដ្ឋដែលទទួលរងការរំលោភបំពាន គំរាមកំហែង ឬការកៀបសង្កត់ក្នុងរូបភាពណាមួយពីសំណាក់បុគ្គលដែលជាអ្នកសារព័ត៌មាន ធ្វើការរាយការណ៍ជាបន្ទាន់មកកាន់ក្រសួង ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។
យោងតាមការប្រកាសផ្លូវការរបស់ក្រសួង វិធានការនេះធ្វើឡើងក្នុងគោលបំណងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងរកសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ ក្រសួងបានបញ្ជាក់ថា រាល់ការប្រព្រឹត្តខុសឆ្គង ឬការប្រើប្រាស់តួនាទីជាអ្នកសារព័ត៌មានដើម្បីធ្វើការគំរាមកំហែង និងកៀបសង្កត់ផ្សេងៗ នឹងត្រូវប្រឈមមុខនឹងវិធានការតាមនីតិវិធីច្បាប់ជាធរមាន។
សាធារណជន ឬជនរងគ្រោះអាចធ្វើការរាយការណ៍ និងផ្តល់ព័ត៌មានមកកាន់ក្រសួងព័ត៌មាន តាមរយៈប្រព័ន្ធទូរស័ព្ទ ឬបណ្តាញតេឡេក្រាម (Telegram) ដូចខាងក្រោម៖
ប្រព័ន្ធទូរស័ព្ទ/តេឡេក្រាម៖ 015 483 283
ប្រព័ន្ធទូរស័ព្ទ/តេឡេក្រាម៖ 012 488 156
ក្រសួងព័ត៌មានសង្កត់ធ្ងន់ថា ការចូលរួមរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋ គឺជាយន្តការដ៏សំខាន់ក្នុងការលុបបំបាត់បាតុភាពអសកម្ម និងជួយលើកកម្ពស់តម្លៃនៃអ្នកសារព័ត៌មានដែលបំពេញការងារដោយវិជ្ជាជីវៈត្រឹមត្រូវ៕
































