(បេរូត)៖ ប្រធានាធិបតីលីបង់ លោក Joseph Aoun កាលពីថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ខណៈវាគឺជាការរិះគន់ដ៏ធ្ងន់មួយរបស់លោកចំពោះទីក្រុងតេហេរ៉ង់ ស្របពេលដែលសម្ព័ន្ធមិត្តអ៉ីរ៉ង់នៅលីបង់ គឺក្រុមសកម្មប្រយុទ្ធហេសបូឡា កំពុងស្ថិតក្នុងសង្រ្គាមជាមួយអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក CNN លោក Aoun បាននិយាយថា ប្រជាជនលីបង់ជាអ្នកដែលកំពុងទទួលរងថ្មបាក់ ដើម្បីបម្រើដល់ផលប្រយោជន៍របស់អ៉ីរ៉ង់ ហើយពួកគេឆ្អែតចិត្តជាខ្លាំង ចំពោះសង្រ្គាមរវាងហេសបូឡានិងអ៉ីស្រាអែល។ លោក Aoun បន្តថា «ពួកគេកំពុងប្រើប្រាស់លីបង់ជាឧបករណ៍តថ្លៃ នៅក្នុងកិច្ចចរចារបស់ពួកគេជាមួយអាមេរិក ដែលជារឿងមិនអាចទទួលយកបាន»។
ក្រុមហេសបូឡា បានអូសលីបង់ឱ្យធ្លាក់ក្នុងភ្លើងជម្លោះជាថ្មី កាលពីជាង៣ឆ្នាំមុន នៅពេលដែលខ្លួនសម្រេចបើកការវាយប្រហារលើអ៉ីស្រាអែល ដើម្បីបង្ហាញការគាំទ្រដល់ទីក្រុងតេហេរ៉ង់ បន្ទាប់ពីអ៉ីរ៉ង់បានរងការវាយប្រហាររួមគ្នារបស់អាមេរិកនិងអ៉ីស្រាអែល។ លោក Aoun បានព្យាយាមស្វែងរកការរំសាយអាវុធក្រុមហេសបូឡាដោយសន្តិវិធី ចាប់តាំងពីក្លាយជាប្រមុខរដ្ឋកាលពីឆ្នាំមុន។ អំឡុងពេលដំបូងក្រោយសង្គាមផ្ទុះឡើង លោកបានអំពាវនាវរកការពិភាក្សាទល់មុខគ្នាជាមួយអ៉ីស្រាអែល ដែលធ្វើឱ្យរូបលោកកាន់តែមិនត្រូវគ្នាជាមួយហេសបូឡា៕
































