
ខេត្តព្រះវិហារ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញចលនាទីក្រុងបៃតង និងគាំទ្រដល់វិស័យទេសចរណ៍ធម្មជាតិក្នុងតំបន់ អាជ្ញាធរក្រុងព្រះវិហារបានបើកយុទ្ធនាការដាំកូនឈើផ្កាក្ងោកជិត ៣,០០០ដើម នៅតាមដងផ្លូវឆ្ពោះទៅកាន់តំបន់រមណីយដ្ឋានធម្មជាតិ។
សកម្មភាពបរិស្ថានដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់ដោយ លោក ប៉ុក ងួន អភិបាលនៃគណៈអភិបាលក្រុងព្រះវិហារ និងលោក ឆាត សួន ចៅសង្កាត់ប៉ាលហាល។ យុទ្ធនាការនេះត្រូវបានរៀបចំឡើងចាប់ពីបរិវេណសាលាសង្កាត់ប៉ាលហាល បណ្តោយតាមដងផ្លូវឆ្ពោះទៅកាន់តំបន់ទំនប់៩៥ ដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល ស្ថិតនៅក្បែរជើងភ្នំត្បែង ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។
គំនិតផ្តួចផ្តើមនេះទទួលបានការចូលរួមយ៉ាងផុសផុលពីសំណាក់អាជ្ញាធរមូលដ្ឋាន រួមមានមេភូមិ អនុភូមិ សមាជិកភូមិទាំង១០ ព្រមទាំងកម្លាំងប្រជាការពារ សរុបចំនួន ៩២នាក់ (ក្នុងនោះមានស្ត្រីចំនួន ១១នាក់)។
ការដាំដើមក្ងោកទាំងនេះ មិនត្រឹមតែជួយបង្កើនគម្របបៃតង និងកាត់បន្ថយឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែវានឹងបង្កើតជាខ្សែក្រវាត់ផ្កាពណ៌ក្រហមឆ្អៅយ៉ាងស្រស់ស្អាត នាពេលអនាគត ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តនៅតំបន់ជើងភ្នំត្បែងកាន់តែច្រើនឡើង រួមចំណែកដល់ការលើកកម្ពស់សេដ្ឋកិច្ចសហគមន៍មូលដ្ឋានថែមទៀតផង៕ដោយ សួន ពិសិត
































