
ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៦ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីនាំយកអំណោយសង្គ្រោះបន្ទាន់ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងរស់នៅក្នុងភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។
សកម្មភាពមនុស្សធម៌នេះ ធ្វើឡើងក្នុងគោលបំណងជួយសម្រាលទុក្ខលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ឲ្យមានភាពប្រសើរឡើងវិញ។

ការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជាចម្បង
នៅក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ សេចក្តីនឹករលឹក និងមនោសញ្ចេតនាអាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសារទាំងអស់ដែលបានចូលរួម។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖
«សម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ និងគិតគូរជាប្រចាំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ច្រកល្ហក ជាពិសេសបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលកំពុងជួបប្រទះការលំបាកក្នុងឆាកជីវិត»។

គោលនយោបាយ «មិនបោះបង់ពលរដ្ឋណាម្នាក់»
បន្ថែមពីលើនេះ ឯកឧត្តម គន់ គីម បានសង្កត់ធ្ងន់ពីជំហរដ៏រឹងមាំរបស់ថ្នាក់ដឹកនាំ ដោយបានរំលឹកពីអនុសាសន៍ខ្ពង់ខ្ពស់របស់សម្តេចតេជោថា រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំ មិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ត្រូវរងគ្រោះដោយអត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។ រាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ ហើយការចុះជួយអន្តរាគមន៍នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ដោយគ្មានការរើសអើង។
ពិធីចែកអំណោយនេះ បានស្តែងឱ្យឃើញពីវប្បធម៌នៃការចែករំលែក និងការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពសង្គម ដែលជាស្នូលនៃគោលនយោបាយគាំពារសង្គមរបស់ប្រទេសកម្ពុជា ក្នុងការធានាថាប្រជាពលរដ្ឋគ្រប់រូបទទួលបានការគាំទ្រក្នុងគ្រាលំបាក៕ ដោយ សួន ពិសិត

































