Elon Musk និយាយថា ក្រុមហ៊ុន SpaceX អាចរកចំណូលបាន ១ទ្រីលានដុល្លារ នៅត្រឹមឆ្នាំ២០៣០

(បរទេស)៖ លោក Elon Musk បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅថា ក្រុមហ៊ុនរ៉ុក្កែតរបស់លោក គឺ SpaceX អាចរកចំណូលបាន ១ទ្រីលានដុល្លារ នៅត្រឹមឆ្នាំ២០៣០ ដោយការថ្លែងបែបនេះធ្វើឡើងពីរថ្ងៃ បន្ទាប់ពីក្រុមហ៊ុនបានដាក់លក់ភាគហ៊ុនជាសាធារណៈ (IPO) ដែលធ្វើឲ្យតម្លៃរបស់វាឡើងដល់ជាង ២ទ្រីលានដុល្លារ។

«ខ្ញុំនឹងភ្ញាក់ផ្អើល ប្រសិនបើចំណូលមិនធំជាង ១ទ្រីលានដុល្លារ នៅឆ្នាំ២០៣១»។ នេះជាអ្វីដែលលោក Elon Musk បានសរសេរនៅលើ X ដែលជាបណ្តាញសង្គមរបស់លោក ដោយឆ្លើយតបទៅកាន់អ្នកកាសែត និងអ្នកអត្ថាធិប្បាយហិរញ្ញវត្ថុ លោក Jon Erlichman។ កាលពីថ្ងៃសុក្រសប្តាហ៍មុន SpaceX បានក្លាយជាក្រុមហ៊ុនធំជាងគេលំដាប់ទី៦ របស់សហរដ្ឋអាមេរិក ដែលជួយពង្រឹងឋានៈរបស់លោក Elon Musk ជាមហាសេដ្ឋីទ្រីលានដុល្លារដំបូងគេរបស់ពិភពលោក។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះនៅតែរកលុយបានតិចជាងឆ្ងាយ បើធៀបនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សដែលមានតម្លៃប្រហាក់ប្រហែលគ្នា ដូចជា Broadcom និង Amazon ។ នៅឆ្នាំ២០២៥ ចំណូលរបស់ SpaceX បានហក់ឡើងដល់ ១៨.៦៧ ពាន់លានដុល្លារ ពី ១៤.០២ ពាន់លានដុល្លារកាលពីឆ្នាំមុន ប៉ុន្តែក្រុមហ៊ុនបានធ្លាក់ចុះទៅរកការខាតបង់សុទ្ធចំនួន ៤.៩៤ ពាន់លានដុល្លារ ពីប្រាក់ចំណេញ ៧៩១លានដុល្លារ។

អ្នកវិភាគនៅ Wall Street មួយចំនួនមានការប្រុងប្រយ័ត្នចំពោះកំណើនរបស់ក្រុមហ៊ុន។ ធនាគារ Goldman បានប៉ាន់ប្រមាណថា ចំណូលរបស់ SpaceX នឹងកើនឡើងលើស ៤៧០ ពាន់លានលានដុល្លារនៅឆ្នាំ២០៣០ ខណៈដែល Morgan Stanley បានព្យាករណ៍ថាវានឹងឡើងដល់ជិត ៣៣០ ពាន់លានលានដុល្លារ។ យោងតាមរបាយការណ៍របស់ Wall Street Journal កាលពីដើមខែមិថុនានេះ៕