(ភ្នំពេញ)៖ ខណៈពិភពលោកព្រមានពីការកើតឡើងនៃបាតុភូត El Niño នោះ, ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានបង្ហាញក្តីព្រួយបារម្ភផងដែរចំពោះបាតុភូតនេះ ដោយលើកឡើងថាបាតុភូតនេះអាចប៉ះពាល់ទិន្នផលស្រូវរបស់កសិករនៅកម្ពុជា។
តាមរយៈបទសម្ភាសន៍ជាមួយបណ្តាញព័ត័មានក្នុងស្រុកមួយ ប្រធានសហព័ន្ធស្រូវអង្កររូបនេះបានបញ្ជាក់ថា «ឥឡូវនេះទាក់ទងជាមួយនឹងបាតុភូត អ៊ែល នីណូ (El Niño) នេះ វាជាក្តីបារម្ភមួយរបស់ពិភពលោក ជាពិសេសនៅខាងអាស៊ីអាគ្នេយ៍យើង ដែលមានការដាំដំណាំដែលត្រូវការទឹកច្រើនដូចជា ស្រូវអង្កររបស់យើង ហើយបើតាមការព្យាករប្រទេសកម្ពុជា យើងវាអាចជាះឥទ្ធិពលតិចជាងប្រទេសផ្សេងៗ ក៏ប៉ុន្តែបាតុភូតនេះ គឺវានឹងអាចកើតឡើងភាគច្រើន បើយើងមើលទៅវាអាចនឹងដូចឆ្នាំ២០១៥ ដែលកម្ពុជាមានគ្រោះរាំងស្ងួត»៕

































