លោក ហ្សេលេនស្គី ព្រមានបេឡារុស ជុំវិញការជួយរុស្ស៉ីក្នុងសកម្មភាពវាយប្រហារលើអ៊ុយក្រែន

(កៀវ)​៖ កាលពីថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា រយៈពេល១សប្តាហ៍គឺគ្រប់គ្រាន់ សម្រាប់​ឱ្យមេដឹកនាំបេឡារុស លោក Alexander Lukashenko ដកឧបករណ៍នានាចេញពីប្រទេសរបស់លោក ដែលត្រូវបានប្រើប្រាស់ដោយរុស្ស៉ី ក្នុងការវាយប្រហារមកលើអ៊ុយក្រែន ហើយបានព្រមានថាអ៊ុយក្រែនអាចនឹងធ្វើសកម្មភាព ប្រសិនបើរូបលោកមិនធ្វើបែបនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ហ្សេលេនស្គី បានអះអាងថា ស្ថានីយបញ្ជូនរលកសញ្ញាបន្ត ត្រូវបានប្រទះឃើញក្នុងតំបន់ចំនួន២របស់បេឡារុស នៅជាប់ព្រំប្រទល់ជាមួយអ៊ុយក្រែន ដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងរុស្ស៉ី ដើម្បីជួយដល់ការតម្រង់ទិសដៅ អំឡុងសកម្មភាពវាយប្រហារមកលើជនស៉ីវិលអ៊ុយក្រែន។ លោក ហ្សេលេនស្គី បានបន្តយ៉ាងដូច្នេះថា «តើការដែលលោក Lukashenko និយាយថា មិនចង់ចូលពាក់ព័ន្ធក្នុងសង្រ្គាមនេះ មានន័យអ្វី? ចូរទុកពេលឱ្យលោកដកឧបករណ៍ទាំងនេះ… ឱ្យលោកបិទពួកវាវិញ។ ខ្ញុំយល់ថារយៈពេល១សប្តាហ៍ គឺគ្រប់គ្រាន់សម្រាប់ឱ្យលោកធ្វើបែបនោះ។ ប្រសិនបើលោកមិនធ្វើទេនោះ ពួកយើងនឹងជាអ្នកធ្វើ»

យ៉ាងណាមិញ លោកប្រធានាធិបតីអ៊ុយក្រែន មិនបានបកស្រាយលម្អិតជាងនេះទៀតទេ ប៉ុន្តែលោកក៏បានលើកឡើងផងដែរ អំពីឧស្សាហកម្មចម្រាញ់ប្រេង​របស់បេឡារុស ដោយនិយាយថា វាបានក្លាយជាប្រភពផ្គត់ផ្គងធំមួយសម្រាប់ទី​ក្រុងមូស្គូ ខណៈលោក Lukashenko អាចបញ្ឈប់រឿងនេះបាន។ អ៊ុយក្រែនបាននិងកំពុងបង្កើនការវាយប្រហាររបស់ខ្លួន លើវិស័យប្រេងរបស់រុស្ស៉ី ដែលជាផ្នែកមួយនៃការដាក់សម្ពាធលើសមត្ថភាពធ្វើសង្រ្គាមរបស់រុស្ស៉ី បន្ទាប់ពីជម្លោះអូសបន្លាយ​ជាង៤ឆ្នាំមកហើយ៕