បេសកជន UN អំពាវនាវឱ្យដោះលែងអតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី ស្របពេលដែលលោកស្រីឈានចូលអាយុ៨១ឆ្នាំ

(យូអិន)៖ កាលពីថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំមីយ៉ាន់ម៉ា បានអំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី ជាបន្ទាន់ ស្របពេលដែលអតីតមេដឹកនាំរូបនេះ ប្រារព្ធខួបឈានចូលវ័យ៨១ឆ្នាំ ក្រោមការឃុំឃាំង ក្នុងប្រទេសដែលគ្រងគ្រងដោយយោធា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

«ខ្ញុំធ្លាប់បានលើកឡើងម្តងហើយម្តងទៀតជាមួយទីក្រុងណៃពិដោ អំពីទុក្ខលំបាករបស់លោកស្រី អោងសាន ស៊ូជី ដែលបានបន្តជាប់ឆ្នោតជាមេដឹកនាំកាលពី​ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែត្រូវបានដាក់ទោសឱ្យជាប់ឃុំ ក្រោយការដណ្តើមអំណាចរបស់យោធា។ ប៉ុន្មានឆ្នាំមកហើយ ពុំមានរបាយការណ៍ដែលអាចផ្ទៀងផ្ទាត់ដោយ​ឯករាជ្យ ស្តីពីស្ថានភាពរបស់លោកស្រីនោះទេ។ ថ្ងៃនេះ ក្នុងឱកាសខួបកំណើតទី៨១របស់លោកស្រី ខ្ញុំទទូចឱ្យអ្នកដទៃទៀតចូលរួមជាមួយខ្ញុំ ក្នុងការអំពាវនាវឱ្យ​មានការដោះលែងលោកស្រីវិញ»

បេសកជន UN លោកស្រី Julie Bishop បានប្រាប់ដូចខាងលើនេះទៅកាន់បណ្តារដ្ឋជាសមាជិក UN ប៉ុន្មានសប្តាហ៍បន្ទាប់ពី​លោកស្រី បានបំពេញទស្សនកិច្ចជាលើកទី៤ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ លោកស្រី Bishop បានបន្ថែមថា ក្រោមក្រសែភ្នែកភាគច្រើន គឺវានឹងមិនអាចមាន​វឌ្ឍនភាពឆ្ពោះទៅរកសន្តិភាពពេញលេញឡើយ ស្របពេលដែលលោកស្រី ស៊ូជី នៅបន្តជាប់ឃុំជាអ្នកទោស។

គួរបញ្ជាក់ថា កាលពីខែមេសា អតីតមេដឹកនាំរបបយោធា លោក Min Aung Hlaing ដែលបានក្លាយជាប្រធានាធិបតីស៉ីវិល ក្រោយការបោះឆ្នោតដែលរងការរិះគន់ពីអន្តរជាតិ បានប្រកាសថា លោកស្រី ស៊ូជី ដែលកន្លងមកត្រូវបានកាត់ទោសដាក់ពន្ធនាគារជាច្រើនឆ្នាំ នាពេលនេះត្រូវបានអនុញ្ញាតឱ្យជាប់ឃុំនៅក្នុងផ្ទះ។ ទោះជាបែបនេះក្តី សំណួរថាតើលោកស្រីកំពុងស្ថិតនៅទីណាឱ្យប្រាកដ គឺនៅតែមិនទាន់មានចម្លើយច្បាស់ឡើយ។ កូនប្រុសលោកស្រី គឺលោក Kim Aris ធ្លាប់បានទាមទារឱ្យថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ា ផ្តល់ភស្តុតាងជាក់ស្តែង ដែលបង្ហាញថា ម្តាយរបស់លោក ពិតជានៅមានជីវិត៕