លោក គីម ជុងអ៊ុន៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែររបស់កូរ៉េខាងជើង ជាជម្រើសដ៏ត្រឹមត្រូវ

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃប្រទេសរបស់លោកគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងសេចក្ដីរាយការណ៍របស់ខ្លួននៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថាលោក គីម ជុងអ៊ុន ធ្វើការកត់សម្គាល់បែបនេះនៅឯកិច្ចប្រជុំមួយរបស់គណៈកម្មាធិការមជ្ឈិមនៃគណបក្សពលករកូរ៉េ ដែលបានផ្ដើមធ្វើឡើងកាលពីថ្ងៃសៅរ៍ និងបិទបញ្ចប់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ លោក គីម បានបន្ទោសសហរដ្ឋអាមេរិកថាអ្នកដែលធ្វើឱ្យការបង្ហូរឈាមនៅក្នុងតំបន់អឺរ៉ុប និងមជ្ឈិមបូព៌ាកាន់តែអាក្រក់ឡើង។

លោកក៏បានចោទប្រកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថាកំពុងធ្វើឱ្យស្ថានការណ៍សន្តិសុខនៅលើតំបន់ឧបទ្វីបកូរ៉េ កាន់តែមានគ្រោះថ្នាក់ផងដែរ តាមរយៈការធ្វើបច្ចុប្បន្នភាពយ៉ាងឆាប់រហ័សនូវគោលជំហរនុយក្លេអ៊ែររួមគ្នារវាងប្រទេសទាំង២ ដែលលោកយល់ថាមានគោលដៅវាយប្រហារលើកូរ៉េខាងជើង។ ដូច្នេះហើយ លោក គីម យល់ថាការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ និងការអនុវត្តឋានៈជារដ្ឋប្រដាប់ដោយអាវុធនុយក្លេអ៊ែរគឺជាជម្រើសដ៏ត្រឹមត្រូវ និងជាមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន។

គួរបញ្ជាក់ថា តាម KCNA លោក គីម ជុងអ៊ុន ក៏បានចេញបញ្ជាផងដែរឱ្យយោធារបស់លោកពង្រឹងសមត្ថភាពនៃអាវុធមិនមែននុយក្លេអ៊ែរ និងពន្លឿនការសាងសង់នាវាចម្បាំងប្រដាប់ដោយមីស៊ីល ទម្ងន់១០ ០០០តោន៕