(ម៉ិកស៉ីកូ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីម៉ិកស៉ិក លោកស្រី Claudia Sheinbaum បានប្តេជ្ញាថា លោកស្រីនឹងមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូមួយ ដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦។

វីដេអូនៅលើ YouTube បង្ហោះកាលពីថ្ងៃសុក្រ ដោយស្ត្រីម្នាក់ដែលកំណត់អត្តសញ្ញាណខ្លួនឯងថា ឈ្មោះ Maria Felicia Jimenez ភរិយារបស់លោក Rodriguez ហាក់ដូចជាត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាពក្នុងផ្ទះ ថតនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។ អំឡុងពេលនោះ លោក Rodriguez នៅជាប្រធានក្រុមហ៊ុន Pemex នៅឡើយ។ តាមវីដេអូរយៈពេល ៥នាទី ដែលឃើញដោយ Reuters លោក Rodriguez បានចាប់កស្ត្រីម្នាក់ និងបោចសក់ ហើយរុញសង្កត់ស្រ្តីរូបនោះនៅលើសាឡុង។ ក្នុងវីដេអូ លោក Rodriguez មិនមានពាក់អាវទេ ហើយក្មេងប្រុសម្នាក់ក៏ត្រូវបានគេឃើញផងដែរនៅដើមវីដេអូន មុនពេលរត់ចេញពីការបាញ់ប្រហារ។
«សូមអនុវត្តច្បាប់ចុះ យើងនឹងមិនការពារនរណាម្នាក់ឡើយ»។ នេះជាការបញ្ជាក់របស់លោកស្រី Sheinbaum ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដោយបន្ថែមថា «មិនអាចឱ្យមានអំពើហិង្សាលើស្ត្រីឡើយ» ហើយលោក Rodriguez នឹងគ្មានតួនាទីផ្សេងក្នុងជួររដ្ឋាភិបាលទៀតទេ។
គួរបញ្ជាក់ថា លោក Rodriguez បានប្រកាសលាលែងពីតំណែងប្រធានក្រុមហ៊ុន Pemex កាលពីថ្ងៃទី១៤ ខែឧសភា នៅក្នុងវីដេអូដែលថតជាប់លោកស្រី Sheinbaum និយាយអរគុណរូបលោក សម្រាប់ការបម្រើការងារកន្លងមក៕
































