(វ៉ាស៊ីនតោន)៖ កងកម្លាំងអាមេរិកបានបើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ នៅថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីកប៉ាល់ពាណិជ្ជកម្ម៣គ្រឿងរងការវាយប្រហារក្នុងតំបន់ច្រកសមុទ្រ Hormuz ហើយនេះបាន និងកំពុងបង្កការព្រួយបារម្ភលើបទឈប់បាញ់ដែលមានភាពផុយស្រួយស្រាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថាយោធាអាមេរិកបានបើកការវាយប្រហារដ៏ខ្លាំងក្លា ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៉ីរ៉ង់លើកប៉ាល់ពាណិជ្ជកម្មធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ជាមួយការគំរាមថានឹងឱ្យអ៉ីរ៉ង់សងមកវិញនូវតម្លៃតបស្នងយ៉ាងស័ក្តិសម បើនៅតែបន្តវាយប្រហារលើកប៉ាល់ពាណិជ្ជកម្ម។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ ស្នូរផ្ទុះជាច្រើនបានកើតឡើងនៅក្បែរតំបន់ច្រកសមុទ្រ Hormuz ក្នុងនោះរួមមានទាំងស្នូរផ្ទុះចំនួន៦លើកនៅកោះ Qeshm ៧លើក នៅក្នុងទីក្រុង Sirik ខណៈស្នូរផ្ទុះជាច្រើនក៏បានកើតឡើង ក្នុងទីក្រុងកំពង់ផែ Bandar Abbas ផងដែរ។
ក្រសួងការបរទេសអ៉ីរ៉ង់បានចោទប្រកាន់ថាសហរដ្ឋអាមេរិកបានរំលោភបំពានម្ដងហើយម្ដងទៀតលើអនុស្សារណយោគយល់រវាងប្រទេសទាំង២ និងគំរាមថាអ៉ីរ៉ង់នឹងធ្វើការសងសឹកវិញយ៉ាងម៉ឺងម៉ាត់។
គួរបញ្ជាក់ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកកើតមានឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានលុបចោលការលើកលែងទណ្ឌកម្មបណ្ដោះអាសន្នដែលអនុញ្ញាតឱ្យអ៉ីរ៉ង់លក់ប្រេង ជាការបង្កើនការដាក់សម្ពាធឱ្យទីក្រុងតេហេរ៉ង់។ ការវាយប្រហារនេះផងដែរ បានកំណត់គោលដៅលើប្រព័ន្ធការពារដែនអាកាស ប្រព័ន្ធស៊ើបការណ៍នៅតាមបណ្ដោយឆ្នេរ មីស៊ីលបាញ់ពីដីគោកទៅអាកាស មីស៊ីលគ្រូសប្រឆាំងនាវាចម្បាំង និងទីតាំងបាញ់ចេញដ្រូនរបស់អ៉ីរ៉ង់៕































