
(ឡុងដ៏)៖ រដ្ឋាភិបាលអង់គ្លេស បានប្រកាសថា ការហាមឃាត់លក់ភេសជ្ជៈប៉ូវកម្លាំង ដែលមានជាតិកាហ្វេអ៉ីនខ្ពស់ដល់ក្រុមមនុស្សអាយុក្រោម ១៦ឆ្នាំ នៅក្នុងប្រទេសអង់គ្លេស នឹងចាប់ផ្តើមពីខែមេសា ឆ្នាំ២០២៧ ដោយនិយាយថាវាជាចំណាត់ការការពារសុខភាព និងសុខុមាលភាពរបស់កុមារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦។
រដ្ឋាភិបាលអង់គ្លេស និយាយថាភេសជ្ជៈដែលជាតិកាហ្វេអ៉ីនលើសពី ១៥០មីលីក្រាម ក្នុងមួយលីត្រ នឹងស្ថិតក្រោមការហាមឃាត់នេះ បន្ទាប់ពីការអនុម័តរបស់សភា ហើយនឹងអនុវត្តចំពោះការលក់នៅក្នុងហាង ទូម៉ាស៉ីនលក់ភេសជ្ជៈស្វ័យប្រវត្តិ និងតាមអនឡាញ។
តាមការបញ្ជាក់ពីបណ្តារដ្ឋមន្រ្តី កុមារប្រហែល ១០០ ០០០នាក់នៅប្រទេសអង់គ្លេស ទទួលទានភេសជ្ជៈប្រភេទនេះជារៀងរាល់ថ្ងៃ ហើយមានភស្តុតាងជាក់ស្តែងពីផលប៉ះពាល់ទៅលើពួកគេ តួយ៉ាងការរំខានចំពោះដំណេក ជំងឺថប់បារម្ភ និងការផ្តោតអារម្មណ៍មិនបានល្អជាដើម៕





























