សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ នាំយកអំណោយឧបត្ថម្ភជូនវីរកងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែន

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក ហង្ស រ៉ាត់ ទីប្រឹក្សាជាន់ខ្ពស់នៃសមាគម លោក ឆន វីរៈប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ បណ្ឌិត វ៉ាន់ ឌី ដំណាងក្រុមការងារ សម្របសម្រួល និង ព្រមទាំងមានការចូលរួមពីព្រះសង្ឃ និងសមាជិក សមាជិកានៃសមាគម បាននាំយកអំណោយមនុស្សធម៌ទៅឧបត្ថម្ភជូនដល់វីរកងទ័ព ដែលកំពុងឈរជើងការពារទឹកដីនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកម៉ាឡៃ និងស្រុកសំពៅលូន។

នៅក្នុងសកម្មភាពចុះសួរសុខទុក្ខ និងនាំយកអំណោយនាឱកាសនោះ ក៏មានការចូលរួមពី លោក រ៉ា អភិបាលរងនៃគណៈអភិបាលស្រុកម៉ាឡៃ ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។
សម្ភារ និងគ្រឿងឧបភោគបរិភោគដែលបានពាំនាំទៅប្រគល់ជូនកងទ័ពជួរមុខនាពេលនេះ គឺជាអំណោយដែលបានមកពីការចូលរួមបរិច្ចាគរបស់សប្បុរសជន និងប្រជាពលរដ្ឋជិតឆ្ងាយ រួមមាន៖
ទឹកសុទ្ធ ៣០ យួរ (និងជំនួយបន្ថែម)
មីកញ្ចប់ ២០ កេស ទឹកក្រូច ២០ កេស
កាហ្វេ ៥ កេស បារី២ កេស


លោក បណ្ឌិត វ៉ាន់ ឌី តំណាងក្រុមការងារសម្របសម្រួល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសព្រះសង្ឃ និងសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ដែលបានរួមគ្នាយ៉ាងសកម្មក្នុងការកៀរគរជំនួយ ដើម្បីគាំទ្រដល់កងទ័ពជួរមុខ។ លោកបានគូសបញ្ជាក់ថា នេះគឺជាស្មារតីនៃកម្លាំងសាមគ្គី និងជាការផ្តល់តម្លៃយ៉ាងធំធេងចំពោះការលះបង់របស់កងទ័ព។
ក្នុងឱកាសនោះដែរ លោក រ៉ា អភិបាលរងស្រុកម៉ាឡៃ ជំនួសមុខឱ្យអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងឈរជើងនៅតំបន់ព្រំដែន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារ និងសប្បុរសជនទាំងអស់។ លោកបានមានប្រសាសន៍ថា៖
ការលះបង់សាច់ស្រស់ ឈាមស្រស់ របស់កងកម្លាំងជួរមុខ គឺដើម្បីការពារជាតិ និងប្រជាពលរដ្ឋ។ ដូចគ្នានេះដែរ ការយកចិត្តទុកដាក់ និងការជួយជ្រោមជ្រែងពីអ្នកជួរក្រោយ គឺជាកម្លាំងចិត្ត និងជាកម្លាំងសាមគ្គីយ៉ាងរឹងមាំដែលធ្វើឱ្យប្រទេសជាតិមានវឌ្ឍនភាព។

ជាមួយគ្នានេះ លោក ឆន វីរៈ ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ (តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ចាន់ភក្តី ប្រធានសមាគម និង លោកបណ្ឌិត ឌីម សុខុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងបានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលតែងតែជួយជ្រោមជ្រែង និងគាំទ្រដល់បេសកកម្មមនុស្សធម៌នេះ។
ពិធីប្រគល់ និងទទួលអំណោយបានបញ្ចប់ទៅដោយបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយស្នាមញញឹម ព្រមទាំងការបួងសួងជូនពរជ័យ សិរីសួស្តី ជ័យមង្គល ជូនដល់សប្បុរសជន និងក្រុមការងារទាំងអស់ឱ្យជួបតែសេចក្តីសុខ និងជោគជ័យគ្រប់ភារកិច្ច៕ ដោយ នីណា ញូស៍