(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរស៊ីវិលជាមួយអារ៉ាប៊ីសាអូឌីតដែលនឹងនាំទៅរកការបង្កើតកម្មវិធីនុយក្លេអ៊ែរស៊ីវិលនៅក្នុងប្រទេសឈូងសមុទ្រមួយនេះ ហើយទីក្រុងវ៉ាស៊ីនតោនទទូចថាកិច្ចព្រមព្រៀងនេះមានរួមបញ្ចូលទាំងការការពារសុវត្ថិភាពប្រឆាំងនឹងការរីកសាយអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការប្រកាសពីការឈានដល់កិច្ចព្រមព្រៀងខាងលើ កើតមានឡើងចំពេលសហរដ្ឋអាមេរិកនៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងជាប់ដៃធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ ដែលបានផ្ទុះឡើងមានហេតុផលមួយផ្នែកដោយសារតែការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកចំពោះកម្មវិធី នុយក្លេអ៊ែរអ៉ីរ៉ង់ដែលនៅតែជាបញ្ហាខ្ទាស់ដ៏ធំមួយនៃការខ្វែងគំនិតគ្នារវាងប្រទេសទាំង២ អំឡុងកិច្ចចរចាបានជាប់គាំងរួចទៅហើយនោះ។
តាមក្រសួងថាមពលអាមេរិក កិច្ចព្រមព្រៀងចំនួន២ មួយស្ដីពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរប្រកបដោយសន្តិភាព និងមួយទៀតស្ដីពីការការពារសុវត្ថិភាពជាលក្ខណៈទ្វេភាគី ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីថាមពលអាមេរិក លោក Chris Wright និងសមភាគីរបស់លោក គឺព្រះអង្គម្ចាស់ Abdulaziz bin Salman។ តែអត្ថបទទាំងស្រុងនៃកិច្ចព្រមព្រៀងនេះនៅមិនទាន់ត្រូវបានចេញផ្សាយជាសាធារណៈភ្លាមៗនៅឡើយទេ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងថាមពលអាមេរិកបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងទាំង២បានបង្កើតជាមូលដ្ឋានច្បាប់សម្រាប់ភាពជាដៃគូយូរអង្វែងរាប់ទសវត្សរ៍មានតម្លៃរាប់ពាន់លានដុល្លារ ដែលនឹងជួយជំរុញអាទិភាពសេដ្ឋកិច្ចជាច្រើន ព្រមទាំងកម្មវត្ថុយុទ្ធសាស្ត្រ ក្នុងនោះរួមមានទាំងការមិនរីកសាយអាវុធនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា បើតាមកាសែតអាមេរិក Wall Street Journal នៅក្នុងចំណុចមួយដែលមានចែងក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត បានបើកផ្លូវឱ្យបណ្ដាក្រុមហ៊ុនអាមេរិកសាងសង់រោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូម នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ក៏ប៉ុន្តែសេចក្ដីថ្លែងការណ៍របស់ក្រសួងថាមពលអាមេរិកមិនបានលើកឡើងពីចំណុច នេះទេ ហើយក្រសួងថាមពលអាមេរិកផ្ទាល់ក៏មិនបានធ្វើអត្ថាធិប្បាយអ្វីដែរនៅពេលត្រូវបាន AFP សាកសួរពីចំណុចនេះ៕




























