(សេអ៊ូល)៖ រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក Chung Dong-young នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថាកូរ៉េខាងត្បូងបានសម្រេចចិត្តបោះបង់ចោល «គោលនយោបាយរំសាយអាវុធនុយក្លេអ៊ែរជាអាទិភាពមុនគេ» ដោយជំនួសមកវិញនូវ «គោលនយោបាយសន្តិភាពជាអាទិភាពមុនគេ» ចំពោះកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការកត់សម្គាល់បែបនេះរបស់លោក Chung Dong-young ត្រូវបានដកស្រង់សម្ដីដោយក្រសួងរបស់លោកនៅឯសន្និសីទសារព័ត៌មានខ្លីមួយកាលពីថ្ងៃព្រហស្បតិ៍។ លោក Chung បានបញ្ជាក់ថា កូរ៉េខាងត្បូងមិនមែនបោះចោលគោលបំណងរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ តែគ្រាន់តែបោះបង់ចោលគោលនយោបាយរំសាយអាវុធនុយក្លេអ៊ែរជាអាទិភាពមុនគេ ដើម្បីងាកទៅរក គោលនយោបាយសន្តិភាពជាអាទិភាពមុនគេវិញជាមួយព្យុងយ៉ាងតែប៉ុណ្ណោះ។ លោកបានបន្តថាចាប់ពីពេលនេះតទៅ កូរ៉េខាងត្បូងនឹងងាកទៅផ្ដោតជាអាទិភាពលើការបញ្ឈប់សកម្មភាពនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។
តាមលោក Chung កូរ៉េខាងត្បូងកំពុងអភិវឌ្ឍយុទ្ធសាស្ត្រមួយដែលនឹងស្វែងរកមុនគេការបញ្ឈប់សកម្មភាពកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ដើម្បីទប់ស្កាត់កុំឱ្យកូរ៉េខាងជើងបន្តពង្រីកឃ្លាំង អាវុធនុយក្លេអ៊ែរ។ កូរ៉េខាងជើងសព្វថ្ងៃនៅតែបន្តធ្វើប្រតិបត្តិការម៉ាស៊ីន centrifuges នៅឯរោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូក្រោមដី រួមទាំងរេអាក់ទ័ពផលិតផ្លុយតូញ៉ូមនៅរោងចក្រមួយ នៅរោងចក្រ Yongbyon ខណៈសមត្ថភាពរបស់ព្យុងយ៉ាងក្នុងការផលិតក្បាលគ្រាប់នុយក្លេអ៊ែរបន្តកើនឡើងជាលំដាប់។ នេះបើតាមរដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា សម្រាប់លោក Chung Dong-young ប្រសិនបើការទាមទារឱ្យកូរ៉េខាងជើងរំសាយអាវុធនុយក្លេអ៊ែរនៅតែជាអាទិភាពមុនគេ នោះវានឹងធ្វើឱ្យរារាំងស្ទះដល់ការរៀបចំកិច្ចចរចាថ្មីជាមួយ កូរ៉េខាងជើង ក្នុងពេលដែលកិច្ចចរចាអន្តរកូរ៉េត្រូវបានផ្អាកអស់រយៈពេលជាង ៧ឆ្នាំមកហើយ។ ក្នុងន័យនេះប្រសិនបើកូរ៉េខាងត្បូងនៅតែបន្តប្រកាន់យកគោលនយោបាយរំសាយអាវុធនុយក្លេអ៊ែរ ជាអាទិភាពមុនគេតទៅទៀត នោះកិច្ចចរចា ឬកិច្ចសន្ទនាជាមួយកូរ៉េខាងជើងនឹងមិនអាចកើតឡើងទេ។ កូរ៉េខាងជើងមកទល់នឹងពេលនេះនៅតែបន្តច្រានចោលសំណើបើកកិច្ចចរចារបស់ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ដោយចោទថាលោក Lee នៅតែបន្តគោលនយោបាយប្រឈមមុខដាក់គ្នា តាមរយៈការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក៕




























