រដ្ឋមន្រ្តីការបរទេសយេម៉ែន ថាក្រុមហ៊ូទី ចង់រឹតត្បិតសកម្មភាពពាណិជ្ជកម្មនៅសមុទ្រក្រហម ដូចដែលអ៉ីរ៉ង់ធ្វើនៅច្រកសមុទ្រ Hormuz

(រីយាដ)៖ លោកស្រី Afrah Al-Zouba ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសយេម៉ែន បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ក្រុមហ៊ូទី មានបំណងយកយុទ្ធសាស្ត្ររបស់អ៉ីរ៉ង់ ពាក់ព័ន្ធច្រកសមុទ្រ Hormuz មកធ្វើនៅក្នុងតំបន់សមុទ្រក្រហម តាមរយៈការរំខានដល់ការដឹកជញ្ជូននៅច្រកសមុទ្រ Bab el-Mandeb ហើយយុទ្ធសាស្រ្តនេះនឹងត្រូវបានរុញច្រាន ដោយការឆ្លើយតបមិនបានគ្រប់គ្រាន់ ពីសំណាក់អន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៨ ខែក្កដា ឆ្នាំ២០២៦។

នៅពេលជួបអ្នកសារព័ត៌មានមួយក្រុមតូច នៅឯស្ថានទូតយេម៉ែន ក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត លោកស្រី Zouba គូសបញ្ជាក់យ៉ាងដូច្នេះថា «ហ៊ូទីចង់យកគំរូតាមអ៉ីរ៉ង់ ហើយសកម្មភាពបែបនេះ នឹងបិទច្រកសមុទ្រសំខាន់ៗចំនួនពីរ ដែលជាផ្លូវចូលទៅកាន់តំបន់ឈូងសមុទ្រ និងសមុទ្រក្រហម»។

សមុទ្រក្រហម បានក្លាយជាសមរភូមិថ្មីក្នុងជម្លោះពាក់ព័ន្ធនឹងអ៉ីរ៉ង់ ដោយក្រុមហ៊ូទី បានបាញ់មីស៉ីល និងដ្រូន ចូលទៅក្នុងទឹកដីអារ៉ាប៊ីសាអូឌីត ក្រោយប្រកាសដាក់វិធានការបិទផ្លូវសមុទ្ររបស់អារ៉ាប៊ីសាអូឌីត។ អារ៉ាប៊ីសាអូឌីត បានឆ្លើយតបវិញ ដោយការវាយប្រហារតាមផ្លូវអាកាស ទៅលើទីតាំងយោធារបស់ហ៊ូទី ជាមួយការប្រកាសការពារសកម្មភាពធ្វើពាណិជ្ជកម្មផ្លូវសមុទ្រ។

ភាពតានតឹងនេះ ក៏មានហានិភ័យនាំជម្លោះត្រឡប់ចូលយេម៉ែនវិញផងដែរ ជាទីដែលសង្គ្រាម បានសម្លាប់មនុស្សរាប់សែននាក់ បន្ទាប់ពីក្រុមហ៊ូទី វាយចូលកាន់កាប់រដ្ឋធានី Sanaa ឆ្នាំ២០១៤ ដែលជំរុញឱ្យអារ៉ាប៊ីសាអូឌីត ធ្វើអន្តរាគមន៍យោធាដោយដឹកនាំក្រុមចម្រុះអារ៉ាប់។ បទឈប់បាញ់ដែលសម្រេចបានកាលពីឆ្នាំ២០២២ កំពុងរងការបំពានដោយការបាញ់បោះដាក់គ្នាឆ្លងព្រំដែននាពេលថ្មីៗ ហើយមន្ត្រីអារ៉ាប៊ីសាអូឌីត ក្រុមអ្នកការទូតលោកខាងលិច និងមន្ត្រីយេម៉ែន យល់ឃើញថា ហានិភ័យនៃការវិលត្រឡប់ទៅរកសង្គ្រាមទ្រង់ទ្រាយធំវិញ គឺមានកម្រិតខ្ពស់ជាងពេលណាៗទាំងអស់ សម្រាប់ពេលនេះ។

តាមលោកស្រី Zouba រដ្ឋាភិបាលយេម៉ែន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអារ៉ាប៊ីសាអូឌីត បានត្រៀមខ្លួនរួចរាល់សម្រាប់ការបង្កហេតុណាមួយ ហើយការបាញ់បោះកំពុងកើតឡើង នៅតាមបណ្តោយខ្សែត្រៀមជួរមុខ ដែលលាតសន្ធឹងពីភាគពាយព្យនៃប្រទេស ចាប់ពីសមុទ្រក្រហមរហូតដល់ព្រំដែនអារ៉ាប៊ីសាអូឌីត៕