គណៈប្រតិភូជាន់ខ្ពស់កម្ពុជា សម្រេចបានលទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រ ក្នុងបេសកកម្មការងារ និងការចុះអនុស្សរណៈនៃការយោគយល់ (MoU) នៅសាធារណរដ្ឋតាតារស្ថាន សហព័ន្ធរុស្ស៊ី

(កាហ្សាន)៖ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយលោក សេង សក្តា រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយ សមាគមពាណិជ្ជករកម្ពុជា-រុស្ស៊ី (CRTH) និង សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី បានបញ្ចប់បេសកកម្មផ្លូវការប្រកបដោយជោគជ័យត្រចះត្រចង់ នៅសាធារណរដ្ឋតាតារស្ថាន សហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី២៧-៣០ខែកក្កដា ឆ្នាំ២០២៦។

ក្នុងអំឡុងពេលនៃបេសកកម្មនេះ ដោយមានការសម្របសម្រួល និងគាំទ្រយ៉ាងសកម្មពី សមាគមពាណិជ្ជករកម្ពុជា-រុស្ស៊ី (CRTH) និង សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី (ACSSR) ជូនដល់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមទីភ្នាក់ងារទេសន្តរប្រវេសន៍ការងារកម្ពុជា (ALMAC) និង វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ភាគីកម្ពុជាបានឈានទៅដល់ការចុះ អនុស្សរណៈនៃការយោគយល់ ជាប្រវត្តិសាស្ត្រ ជាមួយ តំបន់សេដ្ឋកិច្ចពិសេស Alabuga (SEZ Alabuga)។ អនុស្សរណៈនេះ នឹងបើកផ្លូវយ៉ាងសំខាន់ក្នុងការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការស្របច្បាប់ និងមានសុវត្ថិភាព ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងការផ្លាស់ប្តូរបទពិសោធន៍ការងារសម្រាប់យុវជន និងសិក្ខាកាមកម្ពុជា ក្រោមកម្មវិធី Alabuga Start ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សរវាងប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ គណៈប្រតិភូក៏បានអញ្ជើញចូលរួម ជំនួបពិភាក្សាការងារជាន់ខ្ពស់ ជាមួយ លោក Oleg Vladimirovich Korobchenko ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋតាតារស្ថាន។

ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ប្រធានសមាគមពាណិជ្ជករកម្ពុជា-រុស្ស៊ី (CRTH) លោកបណ្ឌិត ញិល រដ្ឋា ក៏បានចូលរួមពិភាក្សាយ៉ាងស៊ីជម្រៅលើឱកាសពាណិជ្ជកម្ម និងការវិនិយោគលើមុខទំនិញយុទ្ធសាស្ត្រជាច្រើន រួមមាន៖

*តម្រូវការជីកសិកម្ម (UREA) និងឱកាសវិនិយោគ ការពិភាក្សាលើការនាំចូលជីអ៊ុយរ៉េគុណភាពខ្ពស់ពីរុស្ស៊ី និងលទ្ធភាពវិនិយោគបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា

*វិស័យយានយន្ត (KAMAZ និង AURUS) ៖ ការពិនិត្យលើឱកាសនាំចូល និងដំឡើងរថយន្តពាណិជ្ជកម្មធន់ធ្ងន់ KAMAZ និងរថយន្តលំដាប់ថ្នាក់ដឹកនាំ AURUS

*ការនាំចេញផលិតផលកសិ-ឧស្សាហកម្មកម្ពុជា ៖ ការបើកច្រកទីផ្សារនាំចេញជ័រកៅស៊ូ (Rubber) និងគ្រាប់ស្វាយចន្ទី (Cashew Nut) របស់កម្ពុជាទៅកាន់ទីផ្សាររុស្ស៊ី និងតាតារស្ថាន

*បច្ចេកវិទ្យាកសិកម្មទំនើប ៖ ការស្វែងយល់ពីកិច្ចសហប្រតិបត្តិការលើការនាំចូលដ្រូនកសិកម្ម (Agricultural Drones) និងត្រាក់ទ័រទំនើបៗ ដើម្បីជំរុញការធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា

លោកសេង សក្តា ប្រធានគណៈប្រតិភូ បានគូសបញ្ជាក់ថា លទ្ធផលនៃបេសកកម្មនេះ គឺជាជំហានដ៏មានសារៈសំខាន់ក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងរុស្ស៊ី ការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាង សមាគមពាណិជ្ជករកម្ពុជា-រុស្ស៊ី និង សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី ជាមួយ ALMAC និង NTTI នឹងប្រែក្លាយកិច្ចព្រមព្រៀង និងឱកាសពាណិជ្ជកម្មទាំងនេះទៅជាសកម្មភាពជាក់ស្តែង ដើម្បីបម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ច ការអភិវឌ្ឍធនធានមនុស្ស និងប្រជាជននៃប្រទេសទាំងពីរជាអតិបរមា៕