លោក​ ត្រាំ អះអាងថា ការបើកយុទ្ធនាការប្រឆាំងតុលាការ ICC គឺដើម្បីការពារ​លោក ​ណេតាន់យ៉ាហ៊ូ មិនមែន​ការពារខ្លួនលោកផ្ទាល់នោះទេ

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦​ថា យុទ្ធនាការ​របស់​សហរដ្ឋអាមេរិក​​ប្រឆាំង​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ (ICC) គឺ​មាន​បំណង​ការពារ​នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និង​អ្នក​ដទៃ​ទៀត​ពី​ការ​កាត់ទោស មិនមែនដើម្បីតែ​ការពារ​រូបលោក​ផ្ទាល់​នោះ​ទេ​។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ​ត្រាំ​ បាន​ធ្វើ​អត្ថាធិប្បាយបែប​នេះ បន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេស លោក Marco Rubio បាន​ប្រាប់​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ Camp David ដែលជាកន្លែងសម្រាកវិស្សមកាលរបស់​ប្រធានាធិបតីអាមេរិក ថាប្រទេស​ចំនួន​៥ហើយ បាន​ប្រកាស​ផែនការ​ចាកចេញ​ពី​តុលាការ​ ICC ចាប់តាំងពី​សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​យុទ្ធនាការ​ កាលពី​ប៉ុន្មានសប្តាហ៍មុន ប្រឆាំង​នឹង​អ្វី​ដែល​ខ្លួន​ថា ​ជា​ការ​គំរាមកំហែង​ចំពោះអធិបតេយ្យ​របស់​សហរដ្ឋអាមេរិក​។ លោក Rubio បាន​ឆ្លើយតប​ថា អ្នក​ដែល​ស្ថិត​ក្នុង​គ្រោះថ្នាក់​បំផុត​គឺសមាជិកកងទ័ព​អាមេរិក ដែល​លោក​ថា​ អាច​ប្រឈម​នឹង​ការ​កាត់ទោស បើទោះបីច្រើនឆ្នាំកន្លងផុតទៅក៏ដោយ ជុំវិញសកម្មភាព​របស់​ពួកគេនៅ​ក្នុង​សង្គ្រាម​។

ICC ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០០២ ដោយ​សហគមន៍​អន្តរជាតិ ​ដើម្បី​កាត់ទោស​ឧក្រិដ្ឋកម្ម​សង្គ្រាម អំពើ​ប្រល័យពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​។ តុលាការ​នេះ​ ប្រើប្រាស់យុត្តាធិការលូកដៃ ​លុះត្រាតែ​រដ្ឋ​ជា​សមាជិក​មិន​អាច ឬ​មិន​ចង់​កាត់ទោស​អំពើ​ឃោរឃៅទាំងនោះ ​ដោយ​ខ្លួនឯង​។ សហរដ្ឋអាមេរិក​មិនធ្លាប់​ជា​សមាជិក​នៃ​តុលាការ​នេះ​ទេ​។ ទោះជាយ៉ាងណា ធម្មនុញ្ញ ICC ក៏​ផ្តល់​អំណាច​ដល់​តុលាការ​ ក្នុង​ការ​កាត់ទោស​ឧក្រិដ្ឋកម្ម​ឃោរឃៅ​ ដែល​បាន​ប្រព្រឹត្ត​លើ​ទឹកដី​នៃ​រដ្ឋ​ជា​សមាជិក ​ដោយ​ពលរដ្ឋ​នៃប្រទេស​មិនមែន​ជា​សមាជិកផងដែរ​។

ការប្រឆាំង​របស់​លោក ​ត្រាំ​ ចំពោះ​តុលាការ​ ICC គឺមាន​តាំងពី​អាណត្តិ​ដំបូង​របស់​លោកមកម្ល៉េះ​។ វា​បាន​លេច​ឡើង​ម្តង​ទៀត ​ជាមួយ​នឹង​ផែនការ​ដាក់ទណ្ឌកម្ម​មន្ត្រី ICC ដែល​ជា​គំនិតត្រូវបាន​បង្កើត​ឡើង កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ នៅពេល​ដែល​លោក ត្រាំ ជាប់ឆ្នោតសាជាថ្មី ហើយ ICC បាន​ចេញ​ដីកា​ចាប់ខ្លួន​លោក ​ណេតាន់យ៉ាហ៊ូ​ ជុំវិញ​ការ​ចោទប្រកាន់​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ក្នុង​សង្រ្គាមនៅតំបន់ហ្កាហ្សា​។

គួរបញ្ជាក់ថា កាលពីខែកក្កដា លោក Rubio បាន​ថ្កោលទោស​តុលាការ​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡាអេប្រទេសហូឡង់ ដោយ​លើកឡើង​ពី​ការ​អំពាវនាវ​របស់ក្រុម​សកម្មជន​ឱ្យ ICC ស៊ើបអង្កេតសមាជិកយោធា​អាមេរិក ជុំវិញ​សកម្មភាព​ដូចជា​ការ​បណ្តេញ​ជនអន្តោប្រវេសន៍ ឬ​ការ​វាយប្រហារ​របស់​អាមេរិក​លើ​ទូក​ដែល​មន្ត្រី​ទីក្រុងវ៉ាស៉ីនតោន អះអាងថា ​ធ្វើសកម្មភាព​រត់ពន្ធ​គ្រឿងញៀន​។

រដ្ឋបាល​លោក ​ត្រាំ ​បាន​និយាយ​ថា ខ្លួន​នឹង​បញ្ចុះបញ្ចូល​ប្រទេស​ដទៃ​ទៀត​ឱ្យ​ចាកចេញ​ពី​តុលាការ ICC និង​ប្រើប្រាស់បម្រាម​​ធ្វើដំណើរ និង​ទណ្ឌកម្ម​បន្ថែម​ទៀត​ប្រឆាំង​នឹង ICC ក៏ដូចជាអង្គការ​ពាក់ព័ន្ធ​នានា ដើម្បី​ព្យាយាម​បំបាក់សមត្ថភាពតុលាការ​នេះ ខណៈក្រុមចៅក្រម ICC ផ្ទាល់ និង​ក្រុមអ្នក​តស៊ូ​មតិអាមេរិក ​​ចោទប្រកាន់រដ្ឋាភិបាលអាមេរិក​ថា ​កំពុងរំលោភបំពាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​​៕