(បាងកក)៖ អតីតមេដឹកនាំរបបសឹកមីយ៉ាន់ម៉ា លោក Min Aung Hlaing នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ បានផ្ដើមធ្វើដំណើរទស្សនកិច្ចជាលើកដំបូងបំផុតទៅកាន់ប្រទេសថៃ ក្នុងនាមជាមេដឹកនាំស៊ីវិល ខណៈរូបលោកកំពុងស្វះស្វែងត្រឡប់ទៅកាន់ឆាកអន្តរជាតិឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

កាលនៅជាឧត្តមសេនីយ៍ម្នាក់ លោក Min Aung Hlaing បានដឹកនាំការធ្វើរដ្ឋប្រហារយោធាមួយកាលពីឆ្នាំ២០២១ ដោយទម្លាក់រដ្ឋាភិបាលស្របច្បាប់របស់លោកស្រី Aung San Suu Kyi ចេញពីតំណែង បង្កឱ្យមានបាតុកម្មតវ៉ាទូទាំងប្រទេសរហូតផ្ទុះទៅជាសង្រ្គាមស៊ីវិលដែលបានសម្លាប់ជីវិតមនុស្សប្រហែលជា ១០០ ០០០នាក់។ លោក Min Aung Hlaing ត្រូវបានតែងតាំងជាប្រធានាធិបតីរបស់មីយ៉ាន់ម៉ា កាលពីខែមេសាកន្លងទៅ បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកលមួយដែលក្រុមប្រទេសលោកខាងលិច រួមទាំងអាស៊ានមិនបានប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោតនេះនោះទេ។
ចាប់តាំងពីពេលនោះ ថៃដែលជាប្រទេសក្បែរខាងមីយ៉ាន់ម៉ា បានដឹកនាំកិច្ចប្រឹងប្រែងមួយដើម្បីស្ដារទំនាក់ទំនងជាប្រក្រតីជាមួយមីយ៉ាន់ម៉ា ទាំងក្នុងទំនាក់ទំនងទ្វេភាគី និងក្នុងចំណោមប្រទេសទាំង ១១ដែលជាសមាជិកអាស៊ាន។ អាស៊ានបានផាត់មេដឹកនាំមីយ៉ាន់ម៉ាមិនឱ្យចូលរួមក្នុងកិច្ចប្រជុំកម្រិតខ្ពស់ ចាប់តាំងពីមានរដ្ឋប្រហារមក។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាបានចូលរួមក្នុងកិច្ចប្រជុំក្រៅផ្លូវការជាមួយសមភាគីរបស់លោកក្នុងទីក្រុងបាងកកកាលពីខែកក្កដា។
លោក Min Aung Hlaing បានចាប់ផ្ដើមធ្វើបេសកកម្មការទូតជាបន្តបន្ទាប់ ចាប់តាំងពីដោះឯកសណ្ឋានយោធា មកស្លៀកឯកសណ្ឋានស៊ីវិលក្នុងនាមជាប្រធានាធិបតីមីយ៉ាន់ម៉ា ជាមួយការបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ឥណ្ឌា និងឡាវដែលជាសមាជិកអាស៊ានដែរនោះកាលពីពេលថ្មីៗនេះ។
គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក Min Aung Hlaing ត្រូវបានរំពឹងថានឹងត្រូវបានទទួលស្វាគមន៍តាមបែបពិធីការការទូតផ្លូវការនៅវិមានរដ្ឋាភិបាលថៃក្នុងទីក្រុងបាងកក ហើយបន្ទាប់មកលោកនឹងត្រូវចូលរួមក្នុងជំនួបដោយផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul៕





























