ស៉ីរី ថាមានកិច្ចព្រមព្រៀងជាមួយទីក្រុងមូស្គូ ជុំវិញជោគវាសនានៃមូលដ្ឋានយោធារុស្ស៉ី

(ដាម៉ាស)៖ កាលពីថ្ងៃអាទិត្យ ទី៩ ខែសីហា ប្រទេសស៉ីរី បានប្រកាសថាមានកិច្ចព្រមព្រៀងមួយ ជុំវិញជោគវាសនានៃមូលដ្ឋានទ័ពចំនួន ២របស់រុស្ស៉ី នៅក្នុងប្រទេសនេះ ដែលទីក្រុងមូស្គូធ្លាប់ប្រើប្រាស់ ដើម្បីផ្តល់ការគាំទ្រផ្នែកយោធាដល់អតីតមេដឹកនាំ លោក Bashar al-Assad អំឡុងសង្គ្រាមស៉ីវិលនៅស៉ីរី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមទីភ្នាក់ងារព័ត៌មានផ្លូវការ SANA ដែលដកស្រង់ប្រភពពីក្រសួងការបរទេសស៉ីរី មូលដ្ឋានទ័ពអាកាស Hmeimim និងមូលដ្ឋានទ័ពជើងទឹក Tartus របស់រុស្ស៉ី នឹងត្រូវប្រែក្លាយទៅជាមជ្ឈមណ្ឌលហ្វឹកហ្វឺន និងកសាងសមត្ថភាពរួមគ្នា ក្រោមការរៀបចំថ្មីដែលធានាបាននូវផលប្រយោជន៍ទៅវិញទៅមក។ SANA បានរាយការណ៍ទៀតថា អនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលកើតចេញពីការចរចាអស់ជាង ១ឆ្នាំមកហើយ បានកំណត់រយៈពេលមិនលើសពី ៣ខែ ដើម្បីសម្រេចការងារនេះ។ ជាមួយគ្នានេះ ទីតាំងសម្រាប់ជនស៉ីវិលក្នុងមូលដ្ឋានទាំងពីរ នឹងត្រូវប្រគល់ឱ្យទីក្រុងដាម៉ាស។

ភ្លាមៗរុស្ស៉ី មិនទាន់ធ្វើអត្ថាធិប្បាយជាផ្លូវការទេ ពាក់ព័ន្ធកិច្ចព្រមព្រៀងនេះ៕