ឪពុកជូនកូនមកប្រឡង បែរជាលាចាកលោក ខណៈកូនមិនដឹងរឿង និងបន្តចូលប្រឡងទាំងក្តីសង្ឃឹម

(ខេត្តកំពង់ធំ)៖ ហេតុការណ៍ដ៏សោកសៅមួយបានកើតឡើងក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ដោយឪពុកម្នាក់បានជូនកូនប្រុសមកប្រឡងនៅមណ្ឌលប្រឡងក្នុងខេត្តកំពង់ធំ ប៉ុន្តែជាអកុសល បានទទួលមរណភាពខណៈកំពុងសម្រាករង់ចាំកូននៅខាងក្រៅមណ្ឌលប្រឡង។

អ្វីដែលកាន់តែធ្វើឱ្យមហាជនរំជួលចិត្ត គឺកូនប្រុសមិនបានដឹងថា ឪពុកបង្កើតរបស់ខ្លួនបានទទួលមរណភាពឡើយ ហើយនៅតែបន្តចូលបន្ទប់ប្រឡងដោយក្តីសង្ឃឹម ដើម្បីបំពេញក្តីប្រាថ្នារបស់ខ្លួន និងធ្វើឱ្យឪពុកម្តាយមានមោទកភាព។

បេក្ខជនរូបនេះឈ្មោះ អ៊ាង សីហា មណ្ឌលប្រឡងវិទ្យាល័យស្ទឹងសែន ជាសិស្សរៀននៅ វិទ្យាល័យ ហ៊ុន សែន ក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ឪពុកបង្កើតរបស់គេ គឺលោក អុប សារ៉ែន និងម្តាយឈ្មោះ កៀត ឈុនអ៉ី។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ លោក អុប សារ៉ែន បានជូនកូនប្រុសមកមណ្ឌលប្រឡង ដោយទឹកមុខរីករាយ និងពោរពេញដោយក្តីសង្ឃឹម។ បន្ទាប់ពីជូនកូនចូលមណ្ឌលប្រឡងរួច លោកបានទៅសម្រាកនៅក្បែរនោះ ដើម្បីរង់ចាំកូនប្រឡងរួច។

លុះដល់ពេលត្រូវចូលប្រឡងវិញ កូនប្រុសបានមកដាស់ឪពុក ប៉ុន្តែឃើញឪពុកកំពុងដេកស្ងាត់ ដោយមិនបានដឹងថា ឪពុកបានទទួលមរណភាពទៅហើយ។ ដោយគិតថា ឪពុកកំពុងសម្រាក កូនប្រុសក៏បានប្រញាប់ចូលបន្ទប់ប្រឡង ដើម្បីបន្តការប្រឡងរបស់ខ្លួន។ប្រភពបានឱ្យដឹងថា មូលហេតុនៃការស្លាប់ត្រូវបានសង្ស័យថា បណ្តាលមកពីការគាំងបេះដូង ឬខ្យល់គ។ ទោះជាយ៉ាងណា មូលហេតុពិតប្រាកដនៃការស្លាប់ គួររង់ចាំការបញ្ជាក់ពីសមត្ថកិច្ច ឬគ្រូពេទ្យជំនាញ។ដើម្បីកុំឱ្យប៉ះពាល់ដល់ស្មារតី និងការផ្តោតអារម្មណ៍របស់បេក្ខជន អ៊ាង សីហា ក្នុងពេលប្រឡងដ៏សំខាន់នេះ សាច់ញាតិ និងអ្នកពាក់ព័ន្ធនៅទីនោះ បានសម្រេចរក្សាទុកដំណឹងដ៏សោកសៅនេះជាបណ្តោះអាសន្ន រហូតដល់រូបគេបញ្ចប់ការប្រឡង។

ហេតុការណ៍នេះបានធ្វើឱ្យមហាជនជាច្រើនមានការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព។ ទន្ទឹមនឹងនេះ ក៏មានការជូនពរដល់បេក្ខជន អ៊ាង សីហា ឱ្យប្រឡងទទួលបានលទ្ធផលល្អ ដើម្បីបំពេញក្តីស្រមៃ និងឆ្លើយតបចំពោះក្តីស្រឡាញ់ និងការលះបង់របស់ឪពុកដែលបានជូនកូនមកប្រឡងនៅថ្ងៃចុងក្រោយនៃជីវិត។ អត្ថបទលោក ធូ កែវមុន្នី