លោក ពូទីន ព្រមានថារុស្ស៉ីនឹងចាប់ផ្ដើមរឹបអូសកប៉ាល់អឺរ៉ុប ប្រសិនបើកប៉ាល់របស់ខ្លួនត្រូវបានរឹបអូស

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ បាននិយាយថារុស្ស៉ីនឹងធ្វើការឆ្លើយតបក្នុងទម្រង់ដូចគ្នា ប្រសិនបើបណ្ដាប្រទេសអឺរ៉ុបចាប់ផ្ដើមរឹបអូសកប៉ាល់ដឹកទំនិញរបស់រុស្ស៉ី ខណៈមេបញ្ជាការនៃកងទ័ពជើងទឹករុស្ស៉ីក្នុងតំបន់ប៉ាស៊ីហ្វិកបានព្រមានថាកងកម្លាំងរបស់លោកត្រៀមខ្លួនជាស្រេចដើម្បីត្រួតពិនិត្យ និងឃាត់ទុកកប៉ាល់បរទេសរបស់ប្រទេសអមិត្ត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការអត្ថាធិប្បាយរបស់លោក ពូទីន ធ្វើឡើងនាឱកាសចុះត្រួតពិនិត្យការធ្វើសមយុទ្ធរបស់កងទ័ពជើងទឹករុស្ស៉ីនៅតំបន់ចុងបូព៌ារបស់រុស្ស៉ី និងចំពេលសហភាពអឺរ៉ុបកំពុងព្យាយាមបង្កើនការដាក់សម្ពាធ លើកងនាវាស្រមោលរបស់រុស្ស៉ី ជាមួយការពង្រីកការដាក់ទណ្ឌកម្មប្រឆាំងនឹងកប៉ាល់រាប់រយគ្រឿង និងឃាត់ទុកកប៉ាល់មួយចំនួន ព្រមទាំងនាវិកនៅលើកប៉ាល់ទាំងនោះដើម្បីត្រួតពិនិត្យ។ រដ្ឋាភិបាលអឺរ៉ុបមួយចំនួនបាននិយាយថាពួកគេកំពុងពិចារណាលើការអនុវត្តវិធានការយ៉ាងតឹងរ៉ឹងប្រឆាំងនឹងកប៉ាល់ទាំងឡាយណាដែលជាប់សង្ស័យថាព្យាយាមគេចវេសពីទណ្ឌកម្ម។

ជាការឆ្លើយតប លោក ពូទីន រុស្ស៉ីនឹងធ្វើការឆ្លើយតបក្នុងទម្រង់ដូចគ្នា ប្រសិនបើបណ្ដាប្រទេសអឺរ៉ុបចាប់ផ្ដើមរឹបអូសកប៉ាល់ដឹកទំនិញរបស់រុស្ស៉ី។ «យើងអាចឃើញថាអាជ្ញាធរនៃប្រទេសមួយចំនួន កំពុងព្យាយាមរឹតត្បិតលើសកម្មភាពកប៉ាល់ដឹកទំនិញរបស់យើង ដែលនេះជាទង្វើបំពានច្បាប់សមុទ្រអន្តរជាតិ…ហើយឥលូវពួកគេកាន់តែផ្គើនជាមួយការពិចារណាលើលទ្ធភាពរឹបអូសកប៉ាល់របស់ យើង និងលក់ទ្រព្យសម្បតិ្តដែលពួកគេបានប្លន់ពីពួកយើង»។ នេះជាការគូសបញ្ជាក់របស់លោក ពូទីន ដោយព្រមានថារុស្ស៉ីនឹងសងសឹកវិញក្នុងទម្រង់ដូចគ្នា។

ព្រមពេលជាមួយគ្នានោះដែរ លោក Viktor Liina ជាមេបញ្ជាការកងទ័ពជើងទឹករុស្ស៉ីប្រចាំតំបន់ប៉ាស៊ីហ្វិក បានប្រាប់លោក ពូទីន ថាកងកម្លាំងរបស់លោកត្រៀមខ្លួនជាស្រេចដើម្បីត្រួតពិនិត្យ និងឃាត់ទុកកប៉ាល់បរទេសរបស់ប្រទេសអមិត្ត ទោះបីជាពួកគេប្រើទង់ជាតិប្រទេសទី៣ក៏ដោយ៕