(កៀវ)៖ កងទ័ពអ៊ុយក្រែន បានប្រើប្រាស់ដ្រូនវាយប្រហារលើរោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតមួយ ដែលស្ថិតនៅចម្ងាយរហូតដល់ ១,៣០០គីឡូម៉ែត្រពីព្រំដែន ចូលជ្រៅទៅក្នុងទឹកដីប្រទេសរុស្ស៊ី កាលពីយប់ថ្ងៃព្រហស្បតិ៍។ នេះជាការវាយប្រហារលើកទី៤ ក្នុងរយៈពេល ៣ថ្ងៃប៉ុណ្ណោះ ក្នុងយុទ្ធនាការកាត់ផ្តាច់ប្រភពចំណូលសង្គ្រាមរបស់ទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។

រោងចក្រដែលរងការវាយប្រហារនេះគឺ Gazprom Neftekhim Salavat ស្ថិតក្នុងតំបន់ Bashkortostan។ ស្របពេលជាមួយគ្នានេះ រុស្ស៊ីក៏បានសារភាពយ៉ាងកម្រផងដែរថា ការវាយប្រហាររបស់អ៊ុយក្រែនកាលពីថ្ងៃអង្គារ បានធ្វើឱ្យរោងចក្រចម្រាញ់ប្រេងមួយកន្លែងទៀតនៅតំបន់ Orenburg ត្រូវផ្អាកប្រតិបត្តិការទាំងស្រុង ហើយអាចនឹងត្រូវចំណាយពេលរហូតដល់ ៦ខែដើម្បីជួសជុល ដោយសារកង្វះគ្រឿងបន្លាស់ពីបរទេសដែលបណ្តាលមកពីទណ្ឌកម្មអន្តរជាតិ។
ជាការសងសឹក រុស្ស៊ីបានវាយលុកអ៊ុយក្រែនវិញដោយប្រើប្រាស់ដ្រូនរយៈចម្ងាយឆ្ងាយដល់ទៅ ១៣៣គ្រឿង កាលពីយប់មិញ ដែលបានសម្លាប់មនុស្ស ៤នាក់ និងរបួស ៨នាក់។ អ្វីដែលសោកនាដកម្មបំផុតនោះគឺ ដ្រូនរុស្ស៊ីបានវាយប្រហារចំរថភ្លើងដឹកអ្នកដំណើរនៅតំបន់ Odesa ដែលបណ្តាលឱ្យអ្នកបើកបរ និងជំនួយការស្លាប់នៅនឹងកន្លែង។
ជុំវិញភាពតានតឹងនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelensky) បានអំពាវនាវយ៉ាងទទូចសុំជំនួយមីស៊ីលការពារដែនអាកាស Patriot ពីសហរដ្ឋអាមេរិក។ លោកបញ្ជាក់ថា បច្ចុប្បន្នអ៊ុយក្រែនមានមីស៊ីលការពារតិចជាងឆ្នាំ២០២៥ ដល់ទៅ ២ដងកន្លះ ខណៈការផ្គត់ផ្គង់ពីអាមេរិកកំពុងមានកម្រិត ដោយសារតែអាមេរិកត្រូវរក្សាទុកប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ីរ៉ង់ផងដែរ៕





























