បង់ក្លាដែសប្រកាសថានាយករដ្ឋមន្ត្រីនឹងមិនទៅទស្សនកិច្ចនៅឥណ្ឌាឡើយ លុះត្រាតែឥណ្ឌាបញ្ជូនខ្លួនអតីតនាយករដ្ឋមន្ត្រី ហាស៊ីណា មកវិញ

(ដាកា)៖ រដ្ឋាភិបាលបង់ក្លាដែស បានប្រកាសនៅថ្ងៃអាទិត្យថា នាយករដ្ឋមន្ត្រី លោក តារីក រ៉ាម៉ាន់ (Tarique Rahman) នឹងមិនធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌានោះទេ លុះត្រាតែទីក្រុងញូវដេលី យល់ព្រមធ្វើបត្យាប័នបញ្ជូនខ្លួនអតីតនាយករដ្ឋមន្ត្រី លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) ត្រឡប់មកវិញ។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។

ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពតានតឹងយ៉ាងខ្លាំង ចាប់តាំងពីការតវ៉ាប្រឆាំងរដ្ឋាភិបាលបានផ្តួលរំលំរបបលោកស្រី ហាស៊ីណា និងបង្ខំឱ្យលោកស្រីរត់គេចខ្លួនទៅកាន់ប្រទេសឥណ្ឌាកាលពីខែសីហា ឆ្នាំ២០២៤។ បច្ចុប្បន្ន លោកស្រីកំពុងប្រឈមមុខនឹងទោសប្រហារជីវិតនៅបង់ក្លាដែស ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

មន្ត្រីក្រសួងការបរទេសបង់ក្លាដែស បានច្រានចោលពាក្យចចាមអារ៉ាមដែលថាលោកនាយករដ្ឋមន្ត្រី រ៉ាម៉ាន់ អាចនឹងទៅទស្សនកិច្ចនៅឥណ្ឌានៅសប្តាហ៍ក្រោយ ដោយសង្កត់ធ្ងន់ថា «បរិយាកាសអំណោយផលចាំបាច់ត្រូវតែបង្កើតឡើងជាមុនសិន។ ហេតុនេះហើយ ទើបយើងជំរុញឱ្យអាជ្ញាធរឥណ្ឌាពន្លឿនការបញ្ជូនខ្លួនលោកស្រី ហាស៊ីណា មកវិញ»។ ជាការឆ្លើយតប ឥណ្ឌាបានត្រឹមតែបញ្ជាក់ថា សំណើនេះកំពុងស្ថិតក្រោមការ «ពិនិត្យមើល» នៅឡើយ។

គួររំលឹកថា លោក រ៉ាម៉ាន់ បានចូលកាន់តំណែងកាលពីខែកុម្ភៈ ហើយបានបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី និងចិនរួចមកហើយ ដែលនេះគឺជាការបំបែកប្រពៃណីរបស់មេដឹកនាំបង់ក្លាដែស ដែលតែងតែជ្រើសរើសឥណ្ឌាជាគោលដៅទស្សនកិច្ចក្រៅប្រទេសលើកដំបូង។ កាលពីដើមខែនេះ លោកស្រី ហាស៊ីណា ដែលធ្លាប់កាន់អំណាចផ្តាច់ការ ១៥ឆ្នាំ បានប្តេជ្ញាថានឹងត្រឡប់ទៅបង់ក្លាដែសវិញនៅខែធ្នូ ទោះបីជាត្រូវជាប់គុកក៏ដោយ៕