
(កំពង់ធំ) ៖ ដោយអនុវត្តតាមអនុសាសន៍ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ លើសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោក សាយ គឹមឡម អភិបាល នៃគណៈអភិបាលស្រុកស្ទោង បានបន្តដឹកនាំក្រុមការងារអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងពាំនាំនូវអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋយ៉ាងស្វាហាប់ និងឥតឈប់ឈរ «ដូចភ្លៀងរលឹម» កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២៦។
នៅក្នុងឱកាសចុះជួបសំណេះសំណាលនោះ លោកអភិបាលស្រុក បានសម្តែងនូវក្ដីបារម្ភ និងសេចក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ ពិសេសគ្រួសារដែលមានជីវភាពខ្វះខាត ចាស់ជរា និងជនងាយរងគ្រោះ។
ជាមួយគ្នានេះ លោកបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងរាជរដ្ឋាភិបាល ជានិច្ចកាលតែងតែគិតគូរ និងនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ដោយអាជ្ញាធរមិនបានដឹងនោះឡើយ។

ទន្ទឹមនឺងនេះ លោកបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានលោក សាយ គឹមឡម បានបន្តណែនាំ និងផ្តាំផ្ញើដល់អាជ្ញាធរឃុំ/ភូមិ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវ យកចិត្តទុកដាក់ជាប្រចាំ ត្រូវចុះតាមដាន ក្តាប់សភាពការណ៍ និងស្រាវជ្រាវមើលសុខទុក្ខ ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានជាប់លាប់ហើយឆ្លើយតបឆាប់រហ័ស នៅពេលជួបប្រជាពលរដ្ឋមានទុក្ខលំបាក ឬជួបបញ្ហាប្រឈមផ្សេងៗ ត្រូវប្រញាប់ប្រញាល់ចុះជួយអន្តរាគមន៍ និងដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា និងបំផុសស្មារតីបង្ការជំងឺគ្រុនឈាម ដោយសារបច្ចុប្បន្នជារដូវភ្លៀងធ្លាក់ ដែលធ្វើឱ្យមានការកើនឡើងនូវភ្នាក់ងារចម្លងជំងឺ លោកអភិបាលស្រុកបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ ជំងឺគ្រុនឈាម ដែលកំពុងតែផ្ទុះ និងរាតត្បាត។

ជាមួយគ្នានេះលោកបានអំពាវនាវ និងអប់រំណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នខ្ពស់ និងរួមគ្នាធ្វើអនាម័យជុំវិញខ្នងផ្ទះ លុបបំបាត់ព្រៃទ្រុប និងអាងទឹកស្អុយ ត្រូវប្រមូល ឬកម្ទេចចោលនូវសម្ភារៈដក់ទឹក ដូចជា សំបកកង់ឡាន កំប៉ុង ត្រឡោកដូង ឬដបចាស់ៗ ដែលជាកន្លែងកកើតដង្កូវទឹក និងមូសខ្លា ហើយក្នុងករណីមានសមាជិកគ្រួសារ ឬកូនចៅ មានអាការៈក្ដៅខ្លួនខ្លាំងខុសធម្មតា ត្រូវប្រញាប់បញ្ជូនទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលជិតបំផុតជាបន្ទាន់ ដោយដាច់ខាតមិនត្រូវផ្សំថ្នាំលេបដោយខ្លួនឯង ។
សូមបញ្ជាក់ថា ការចុះជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងនៅក្នុងឱកាសនេះមានចំនួន ២២គ្រួសារ ក្នុង១ក្រសារៗទទួលបាននូវ គ្រឿងឧបភោគបរិភោគ និងសម្លៀកបំពាក់មួយមួយចំនួន ដែលជាអំណោយរបស់ឯកឧត្តម ចាន់ យុទ្ធថា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំពពក និងឃុំប្រឡាយ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង



































