
(កំពង់ធំ)÷ ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «សេវាកម្មប្រណិត ជំនាញសេវាកម្មម្ហូបអាហារ-ភេសជ្ជៈ និងពិធីការជាតិ-អន្តរជាតិ» ក្រោមអធិបតីភាព លោក ហាន កុសល អភិបាលរងខេត្តកំពង់ធំ ក្នុងគោលបំណងលើកកម្ពស់គុណភាពសេវាកម្ម និងជំនាញជំនាញលើក្បួនពិធីការ រៀបចំកម្មវិធីផ្លូវការ ទទួលបដិសណ្ឋារកិច្ចភ្ញៀវថ្នាក់ដឹកនាំជាតិ-អន្តរជាតិ បានត្រឹមត្រូវនិងថ្លៃថ្នូរ, លើកកម្ពស់ស្តង់ដារសេវាកម្មម្ហូបអាហារ ភេសជ្ជៈ និងការបម្រើភ្ញៀវកម្រិតVIP ឱ្យមានភាពប្រណិតល្អ, ធ្វើស្តង់ដារនីយកម្មសេវាកម្មទូទាំងខេត្ត ដើម្បីលើកស្ទួយមុខមាត់ កិត្យានុភាពខេត្ត ព្រមទាំងទាក់ទាញកំណើនទេសចរ និងវិនិយោគិន។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃការជំរុញឱ្យខេត្តកំពង់ធំមានសេវាកម្មល្អប្រសើរ ជាពិសេសលើផ្នែកម្ហូបអាហារ និងភេសជ្ជៈ ដើម្បីចូលរួមទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលមកទស្សនា ស្នាក់នៅ និងប្រើប្រាស់សេវាកម្មក្នុងខេត្ត ប្រកបដោយអនាម័យ សុវត្ថិភាព និងផាសុកភាព។
លោក ហាន កុសល បានបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញមិនត្រឹមតែផ្តោតលើការកែលម្អគុណភាពសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។ តាមរយៈការទទួលបានចំណេះដឹង និងជំនាញវិជ្ជាជីវៈ ប្រជាពលរដ្ឋអាចយកទៅប្រើប្រាស់ក្នុងការប្រកបអាជីវកម្ម ឬចូលបម្រើការងារក្នុងវិស័យសេវាកម្ម និងទេសចរណ៍។ ជាមួយគ្នានេះការបង្កើនឱកាសការងារនៅមូលដ្ឋាន ត្រូវបានចាត់ទុកថាជាមធ្យោបាយមួយក្នុងការកាត់បន្ថយការចំណាកស្រុករបស់ប្រជាពលរដ្ឋ ដោយផ្តល់លទ្ធភាពឱ្យពួកគេអាចរកប្រាក់ចំណូល និងប្រកបរបរនៅក្នុងសហគមន៍របស់ខ្លួន។ កត្តានេះក៏អាចរួមចំណែកធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។

ជាចុងក្រោយ លោក ហាន កុសល អភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់បន្ថែមទៀតហើយតាមរយៈការត្រៀមរៀបចំវគ្គបណ្តុះបណ្តាលនេះ ខេត្តកំពង់ធំ រំពឹងថា អ្នកចូលរួមនឹងទទួលបានជំនាញចាំបាច់សម្រាប់ការផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈ ស្របតាមតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងរួមចំណែកលើកកម្ពស់មុខមាត់ខេត្តកំពង់ធំជាគោលដៅទេសចរណ៍ដែលមានសេវាកម្មល្អ អនាម័យ និងផាសុកភាព។ កម្មវិធីនេះរៀបចំផ្តួចផ្ដើមដោយឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ មានរយៈពេល២ថ្ងៃចាប់ថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ។ ស្នើសុំឱ្យប្រធានមន្ទីរនីមួយៗ ភោជនីយដ្ឋាន សណ្ឋាគារ ត្រូវបញ្ជូនមន្ត្រី-បុគ្គលិកជំនាញដែលត្រូវមកចូលរួមអ្នកបណ្ដុះបណ្តាលនេះចំនួន២នាក់។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប៕




































