លោក ដូណាល់ ត្រាំ៖ គ្មានការចរចាណាមួយកំពុងធ្វើឡើងជាមួយអ៉ីរ៉ង់នោះទេ ហើយក៏គ្មានកាលវិភាគចរចាដែរ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃអង្គារនេះថា មិនមានកិច្ចចរចាណាមួយរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់កំពុងដំណើរការ ឬត្រូវបានកំណត់កាលវិភាគនោះឡើយ ប៉ុន្តែច្រកសមុទ្រ Hormuz គឺកំពុងបើកដំណើរការធម្មតា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។

នៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «គ្មានការចរចាណាមួយជាមួយអ៉ីរ៉ង់នោះទេ។ ការបិទខ្ទប់ផ្លូវទឹកដោយកងទ័ពជើងទឹកនៅតែបន្ត ហើយច្រកសមុទ្រ Hormuz គឺបើកដំណើរការ ខណៈគ្រាប់មីនទាំងអស់ត្រូវបានដោះចេញអស់ហើយ»។ ការលើកឡើងនេះ ផ្ទុយស្រឡះពីជំហររបស់អ៉ីរ៉ង់ ដែលបានប្រកាសថានឹងបន្តបិទច្រកសមុទ្រនេះ រហូតទាល់តែអាមេរិកដកទណ្ឌកម្មប្រេង និងដោះលែងទ្រព្យសម្បត្តិដែលត្រូវបានបង្កក។

គួរបញ្ជាក់ថា ភាពជាប់គាំងនៃកិច្ចចរចាសន្តិភាពបានបង្កើនការព្រួយបារម្ភពីការពន្យារពេលជម្លោះ ខណៈដែលភាគីអ៉ីរ៉ង់បានព្រមានប្តូរទៅកាន់ជំហរយោធា «វាយលុកពេញលេញ» រីឯលោក ត្រាំ ក៏បានច្រានចោលលទ្ធភាពនៃការពន្យារពេលកិច្ចព្រមព្រៀងបណ្តោះអាសន្នខែមិថុនាផងដែរ៕