(សេអ៊ូល)៖ សមយុទ្ធយោធាប្រចាំឆ្នាំរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងត្រូវបិទបញ្ចប់ជិតមួយសប្ដាហ៍មុនកាលកំណត់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានបញ្ជាឱ្យមន្ទីរបញ្ចកោណកាត់បន្ថយការធ្វើសមយុទ្ធយោធានេះ។ នេះបើតាមយោធាកូរ៉េខាងត្បូង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ត្រាំ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានឱ្យដឹងថារូបលោកបានបញ្ជាឱ្យមន្ទីរបញ្ចកោណកាត់បន្ថយសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ Ulchi Freedom Shield មួយថ្ងៃមុននឹងសមយុទ្ធនេះត្រូវចាប់ផ្ដើមធ្វើឡើង។ យោធាកូរ៉េខាងត្បូងនៅថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់ថាសមយុទ្ធយោធា Ulchi Freedom Shield នឹងត្រូវបានកាត់បន្ថយពី ១១ថ្ងៃ មកនៅត្រឹម ៥ថ្ងៃ។ ពោលគឺសមយុទ្ធយោធានេះដែលបានចាប់ផ្ដើមធ្វើឡើងកាលពីថ្ងៃទី១៧ ខែសីហា នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២១ ខែសីហា ខណៈសមយុទ្ធរួមគ្នានេះដំបូងឡើយគ្រោងនឹងបិទបញ្ចប់នៅថ្ងៃទី២៧ ខែសីហា។
គួរបញ្ជាក់ថា លោក ត្រាំ បានបញ្ជាឱ្យកាត់បន្ថយការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ជាមួយការលើកឡើងពីទំនាក់ទំនងល្អរបស់លោកជាមួយលោក គីម ជុងអ៊ុន និងបាននិយាយថាសមយុទ្ធដែលត្រូវបានរៀបចំឡើងដើម្បីទប់ទល់នឹងការវាយប្រហារណាមួយពីកូរ៉េខាងជើង គឺជាទង្វើអរិភាពមួយចំពោះប្រទេសមួយដែលប្រព្រឹត្តចំពោះលោកដោយការគោរព។ លោក ត្រាំ ក៏បានកោតសរសើរ និងរិះគន់កូរ៉េខាងត្បូងផងដែរចំពោះការបដិសេធគាំទ្រដល់សហរដ្ឋអាមេរិកក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់។
នៅថ្ងៃពុធនេះដែរ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានថ្កោលទោសសមយុទ្ធរួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដោយចាត់ទុកថាជាការគំរាមកំហែងបន្ទាន់ និងបើកចំហ ដោយមិនបានលើកឡើងពីបញ្ជារបស់លោក ត្រាំនោះទេ៕




























