លោក ត្រាំ ព្រលយថាមានគម្រោងជួបលោក គីម ជុងអ៊ុន ក្នុងឆ្នាំនេះ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ នៅថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ ថារូបលោកមានគម្រោងជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងឆ្នាំ២០២៦នេះ ហើយថាកូរ៉េខាងជើងកំពុងកាន់កាប់ក្បាលគ្រាប់នុយក្លេអ៊ែរដ៏មានឥទ្ធិពល ៥៧គ្រាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

ការកត់សម្គាល់បែបនេះកើតមានឡើងបន្ទាប់ពីលោក ត្រាំ បានបញ្ជាឱ្យមន្ទីរបញ្ចកោណកាត់បន្ថយរយៈពេល និងបង្រួមការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ដោយនិយាយថាសមយុទ្ធនេះជា ការបញ្ជូនសារមួយទៅកាន់ទីក្រុងព្យុងយ៉ាងដែលមើលទៅមិនសមរម្យ និងអរិភាពចំពោះប្រទេសមួយដែលបានប្រព្រឹត្តចំពោះលោកដោយការគោរព។ នៅពេលត្រូវបានសាកសួរថាតើរូបលោករំពឹងថា នឹងជួបលោក គីម ក្នុងឆ្នាំនេះឬ? លោក ត្រាំ បានឆ្លើយថា «ពិតណាស់ខ្ញុំនឹងជួបលោក គីម ជុងអ៊ុន ក្នុងឆ្នាំនេះ»

គួរបញ្ជាក់ថា លោក ត្រាំ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានអះអាងថារូបលោកទទួលបានការឆ្លើយតបពីលោក គីម ជុងអ៊ុន បន្ទាប់ពីមានការប៉ុនប៉ងរបស់លោកដើម្បីរៀបចំជំនួបជាមួយមេដឹកនាំកូរ៉េខាងជើងឡើងវិញ។ កាសែតអាមេរិក Wall Street Journal (WSJ) នៅថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ ក៏បានរាយការណ៍ដែរថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យក្រុមមន្ត្រីជំនិតៗរបស់លោកធ្វើយ៉ាងណារៀបចំជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងឆ្នាំនេះ។

ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីអាមេរិក Wall Street Journal បានឱ្យដឹងទៀតថាលោក ត្រាំ បានពិភាក្សាជាលក្ខណៈឯកជនអំពីការរៀបចំជំនួបទល់មុខជាមួយលោក គីម អំឡុងដំណើរទស្សនកិច្ច ទៅកាន់តំបន់អាស៊ី ដែលអាចនឹងត្រូវធ្វើឡើងនៅខែវិច្ឆិកាខាងមុខ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិកក្នុងទីក្រុង Shenzhen ប្រទេសចិន៕