(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានលើកឡើងថា ប្រទេសរុស្ស៉ីកំពុងរៀបចំផែនការកេណ្ឌទ័ពថ្មីបន្ថែមចំនួន ៣០០,០០០នាក់ សម្រាប់បម្រើឱ្យសង្គ្រាម បន្ទាប់ពីការបោះឆ្នោតសភាជាតិរុស្ស៉ីនៅពាក់កណ្តាលខែកញ្ញាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា រុស្ស៉ីអាចនឹងកេណ្ឌកងទ័ពបន្ថែមទៀតនៅឆ្នាំ២០២៧ ដើម្បីសម្រេចឱ្យបាននូវគោលដៅសរុបចំនួន ៥០០,០០០នាក់ ដែលជាផ្នែកមួយនៃ «ការកេណ្ឌទ័ពនៅតំបន់ដាច់ស្រយាល» ដោយកំណត់គោលដៅលើតំបន់ជាយដែន និងតំបន់ឆ្ងាយៗរបស់រុស្ស៉ី។ លោកបានបញ្ជាក់ដូច្នេះថា «យើងជឿជាក់ថា វានឹងមិនកើតឡើងនៅក្នុងទីក្រុងកណ្តាលធំៗនោះទេ ប៉ុន្តែខ្ញុំមិនគិតថាពួកគេអាចលាក់បាំងរឿងនេះបានជិតល្អនោះឡើយ»។
ការបោះឆ្នោតសភាជាតិនៅក្នុងប្រទេសរុស្ស៉ី ត្រូវបានកំណត់ធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា។ ខណៈពេលដែលការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាកំពុងបន្តនៅជុំវិញទីក្រុងយុទ្ធសាស្ត្រ Kostiantynivka លោក ហ្សេលេនស្គី បានលើកឡើងថាកងទ័ពរុស្ស៉ីកំពុងបាត់បង់កម្លាំងទ័ពក្នុងកម្រិតខ្ពស់បំផុត នៅក្នុងកិច្ចខិតខំប្រឹងប្រែងវាយលុកចូលទៅក្នុងខ្សែក្រវាត់ទីក្រុងបន្ទាយការពារនៅភាគខាងកើតអ៊ុយក្រែន។
ទន្ទឹមនឹងនេះ លោកប្រធានាធិបតីក៏បានកោតសរសើរចំពោះការវាយដណ្តើមបានទឹកដីមកវិញនាពេលថ្មីៗនេះដោយកងទ័ពអ៊ុយក្រែននៅភាគអាគ្នេយ៍ ដោយបន្ថែមថាទំហំទឹកដីដែលរុស្ស៉ីកាន់កាប់ និងទំហំទឹកដីដែលអ៊ុយក្រែនរំដោះបាននៅក្នុងឆ្នាំ២០២៦ នឹងមានចំនួនស្មើគ្នា។
គួរបញ្ជាក់ថា កងកម្លាំងរុស្ស៉ីកំពុងបន្តបង្កើនការវាយលុកយ៉ាងខ្លាំង ដើម្បីដណ្តើមកាន់កាប់តំបន់ឧស្សាហកម្ម Donbas នៅភាគខាងកើតប្រទេសអ៊ុយក្រែនទាំងស្រុង ខណៈដែលទីក្រុងកៀវបានអះអាងថា រុស្ស៉ីត្រូវចំណាយកម្លាំងទ័ព និងសព្វាវុធយ៉ាងធំធេងសម្រាប់ការរុលទៅមុខនេះ៕




























